ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់សាធារណជនឱ្យចូលរួមឧបត្ថម្ភ គ្រឿងទេស និង ប្រេងឆា ជាបន្ទាន់ សម្រាប់ផ្គត់ផ្គង់ដល់វីរយុទ្ធជនកងទ័ពជួរមុខដែលកំពុងប្រយុទ្ធការពារដែនដីកម្ពុជា។
យោងតាមការផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ការអំពាវនាវនេះធ្វើឡើងនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងស្មារតី “ខ្មែរតែមួយ” ដើម្បីជួយទ្រទ្រង់ស្បៀងអាហារ និងផ្តល់កម្លាំងចិត្តដល់កងទ័ពដែលត្រូវការសម្ភារៈទាំងនេះជាចាំបាច់ ដើម្បីធ្វើម្ហូបអាហារ បើទោះបីជារដ្ឋបាលខេត្តបានរៀបចំស្បៀងអាហារសំខាន់ៗបានច្រើនរួចហើយក្តី។
ដើម្បីសម្រួលដល់ការចូលរួមរបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តបានរៀបចំយន្តការទទួលជំនួយជាពីរគឺ៖ ១) ការរៃអង្គាសនៅតាមផ្សារក្នុងក្រុងកំពង់ចាម សម្រាប់អាជីវករ និង ២) ការបរិច្ចាគតាមរយៈ QR code សម្រាប់អ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់។
លោកអភិបាលខេត្តបានបញ្ជាក់ថា ការឧបត្ថម្ភនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងនាមជាទ័ពជួរក្រោយ ដើម្បីជួយផ្តល់កម្លាំងចិត្ត និងជួយផ្គត់ផ្គង់ស្បៀងអាហារដល់កងទ័ពរបស់យើង។
សូមបញ្ជាក់ជូនថា ជំនួយជាគ្រឿងទេសរួមមាន ប៊ីចេង អំបិល ស្ករស និងប្រេងឆា ពីសាធារណជននាពេលនេះ គឺជាការបង្ហាញនូវសាមគ្គីភាពជាតិដ៏រឹងមាំ និងជាចំណែកមួយដ៏ធំធេងក្នុងការជួយគាំទ្រដល់កងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាក្នុងការទប់ទល់ជាមួយខ្មាំងឈ្លានពាន៕
ចែករំលែកព័តមាននេះ