ខេត្តសៀមរាប៖ ដើម្បីចូលរួមចំណែកថែរក្សាបេតិកភណ្ឌជាតិ យុវជន២០រូប ទទួលបានការបណ្ដុះបណ្ដាលអប់រំពិសេស ស្តីពីវប្បធម៌ និងបរិស្ថាន លើកទី៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ។
យោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា កម្មវិធីអប់រំ និងផ្សព្វផ្សាយពិសេស ស្តីពីវប្បធម៌ និងបរិស្ថាន លើកទី៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ មានការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សវិទ្យាល័យស្រយង់ចំនួន ២០នាក់ (ស្រី ១០នាក់)។
កម្មវិធីនេះដែលរៀបចំឡើងដោយនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ គឺមានគោលដៅច្បាស់លាស់ក្នុងការបំពាក់ចំណេះដឹង និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ។
សិស្សានុសិស្សទាំងអស់បានទទួលចំណេះដឹងយ៉ាងទូលំទូលាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការការពារសម្បត្តិវប្បធម៌ និងធម្មជាតិរួមមាន ប្រវត្តិសាស្រ្តនៃប្រាសាទកោះកេរ និងអាណាចក្រខ្មែរ។
ច្បាប់ជួញដូរវត្ថុបុរាណដោយខុសច្បាប់ និងផលប៉ះពាល់ធ្ងន់ធ្ងរ។ គុណតម្លៃនៃព្រៃឈើ និងការការពារធនធានធម្មជាតិ។ ការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាពក្នុងតំបន់បេតិកភណ្ឌពិភពលោក។
គោលដៅចុងក្រោយនៃកម្មវិធីនេះ គឺដើម្បី បំផុសគំនិតយុវជន ទាំង ២០នាក់ ឲ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការ ថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ បរិស្ថាន និងធនធានធម្មជាតិនៅក្នុងតំបន់របស់ពួកគេផ្ទាល់។
ពួកគេនឹងក្លាយជាអ្នកនាំសារក្នុងការផ្សព្វផ្សាយបន្ត និងជាកម្លាំងសំខាន់នាពេលអនាគតក្នុងការទប់ស្កាត់ការបាត់បង់សម្បត្តិវប្បធម៌៕
ចែករំលែកព័តមាននេះ