ខេត្តពោធិ៍សាត់ ៖ រយៈពេលពីរថ្ងៃនេះ (ថ្ងៃទី០៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥) ទាហានថៃ បានបើកការបាញ់ប្រហារមកលើទឹកដីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យចំកាស៊ីណូ និងលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវខូចខ្ទេចខ្ទី។ ជាមួយគ្នានេះទាហានថៃ គ្រោងផ្ដាច់ស្ពានជ័យជំនះ ឆ្លងស្ទឹងមេទឹក ដែលមានចម្ងាយប្រមាណ៤,០០០ម ពីកាស៊ីណូ ច្រកព្រំដែនថ្មដា នោះទៀតផង ។
ទោះយ៉ាងណា តាមប្រភពពព័ត៌មានពីកងកម្លាំងនៅទីនោះ មិនទាន់មានអ្នកស្លាប់ ឬរងរបួសទេ។ ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរជម្លៀសចេញ ឲ្យមករស់នៅបណ្ដោះអាសន្ន នៅទីតាំងមានសុវត្ថិភាព ក្នុងទីប្រជុំជនស្រុកវាលវែង មានទាំងស្ត្រីមានផ្ទៃពោះ ចាស់ជរាឈឺថ្កាត់ ហើយសិស្សសាលាបាត់បង់ការសិក្សា ទៀតផង ។
ប្រភពព័ត៌មានឲ្យដឹងថា ទាហានថៃ បានចល័តកម្លាំង និងសព្វាវុធធន់ធ្ងន់ តាមខ្សែបន្ទាត់ព្រំដែន ហើយពួកវាទុកពេល០៣ម៉ោងឲ្យកម្ពុជា ជម្លៀសប្រជាជនរបស់ខ្លួនចេញជាបន្ទាន់ បើមិនដូច្នេះទេ ពួកវានឹងទម្លាក់គ្រាប់បែកផ្ដាច់ស្ពានជ័យជំនះឆ្លងស្ទឹងមេទឹក ផ្ដាច់ផ្លូវ មិនឲ្យធ្វើចរាចរណ៍បានឡើយ ។
ប្រភពឲ្យដឹងថា នៅវេលាម៉ោងប្រមាណ០៥និង១០នាទីល្ងាចថ្ងៃទី១០ ធ្នូនេះ ពួកទាហានថៃ បានចាប់ផ្ដើមផ្លោងកាំភ្លើងធំ ចូលមកឃុំថ្មដា ជាថ្មីទៀតហើយ ដែលមហិច្ឆិតារបស់វា គឺចង់ផ្ដាច់ស្ពាន មិនឲ្យដឹកជញ្ជូនសព្វាវុធ និងស្បៀងជូនកងទ័ពសមរភូមិមុខតែម្ដង។ ពួកវា បានប្រើដ្រូនទម្លាក់គ្រាប់ និងយន្ដហោះឆ្វែលពីលើតាមព្រំដែន ហើយកងទ័ពកម្ពុជាយើង ក៏ត្រៀមនៅតាមគោលដៅនីមួយៗ ដោយការប្រុងប្រយ័ត្នបំផុត ។
ប្រភពឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណជិត៦ល្ងាច ថ្ងៃនេះ ទាហានថៃ បានផ្លោងចូលមកជាបន្តបន្ទាប់ទៀតហើយ មិនដឹងថា យប់នេះនឹងមានអ្វីកើតឡើងថែមទៀតនោះទេ ៕



ចែករំលែកព័តមាននេះ