ទីក្រុងម៉ានីល ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានបញ្ជាក់អំពីការសន្ទានតាមទូរស័ព្ទរបស់លោកជាមួយមេដឹកនាំកម្ពុជា និងថៃ ជុំវិញជម្លោះដែលបាននិងកំពុងកើតឡើងសាជាថ្មី នៅតាមព្រំដែនកម្ពុជា និងថៃ។
នៅក្នុងសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងថា «ម្សិលមិញ ខ្ញុំបានទាក់ទងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីភាពចលាចលដែលកំពុងកើតឡើងនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ខ្ញុំសូមកោតសរសើរចំពោះភាពបើកចំហ និងឆន្ទៈរបស់មេដឹកនាំទាំងពីរក្នុងការបន្តចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងជៀសវាងការយល់ច្រឡំណាមួយ ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ»។

តាមរយៈសារដ៏សំខាន់នោះ បានបន្តទៀតថា «ខណៈពេលដែលមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់បានធានាថា មិនមានឧប្បត្តិហេតុធ្ងន់ធ្ងរបន្ថែមទៀតកើតឡើង អំឡុងពេលដ៏សំខាន់ទាំងនេះ»។
«ប្រទេសម៉ាឡេស៊ីនឹងបន្តគាំទ្រការសន្ទនាដោយសុវត្ថិភាព ដំណោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរក្សាស្ថិរភាព និងសុវត្ថិភាពនៃតំបន់របស់យើងរួមគ្នា»។ នេះបើតាមសារចុងក្រោយរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម៕
ចែករំលែកព័តមាននេះ