រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លាំង ចំពោះការផ្ទុះសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ។ ការលើកឡើងរបស់ទូតកាណាដាក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ
២០២៥ ។

ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំកម្ពុជា បានចូលរួមសម្តែងការសោកស្តាយចំពោះការផ្ទុះសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានអះអាងថា ឯកឧត្ដមមានការបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះហេតុការណ៍នេះ។ ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធីផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព សម្រាប់ពលរដ្ឋស្លូតត្រង់នៃប្រទេសទាំងពីរ ។
នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានពិភាក្សាគ្នាដោយត្រង់ និងបើកចំហក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលមានតាំងពីយូរណាស់មកហើយ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ សំដៅធ្វើយ៉ាងណានាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង ក៏ដូចជាជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងពិភពលោកផងដែរ ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការដាក់ស្ថានទូតប្រទេសកាណាដាប្រចាំកម្ពុជាជាថ្មីឡើងវិញ កាលពីខែមីនា ឆ្នាំ២០២៥ គឺជាសញ្ញាណវិជ្ជមានដ៏សំខាន់ បង្ហាញពីការប្តេជ្ញាចិត្ត ការជឿជាក់ និងស្របតាមយុទ្ធសាស្ត្រ គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកាណាដាចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាសម្រាប់កម្ពុជា នៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងទូលំទូលាយ ឈានឆ្ពោះទៅកម្រិតខ្ពស់ថ្មីមួយ ។
សម្តេចរដ្ឋសភាធិបតី មានជំនឿមុតមាំថា នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ កាន់តែរីកចម្រើន និងរឹងមាំឡើង ទាំងការងារការទូតសភា និងវិស័យផ្សេងៗទៀត ដូចជាការអប់រំ ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេស ទំនាក់ទំនងប្រជាជននិងប្រជាជន ។ ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ផ្អែកលើភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមកដោយយកពលរដ្ឋជាស្នូល។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថា កាណាដាជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ។ កាណាដាបានរួមចំណែកជួយការងាររដ្ឋសភាកម្ពុជាតាំងពីឆ្នាំ១៩៩៣ មក ។ ក្នុងរយៈពេលចុងក្រោយនេះ កាណាដាបានផ្តល់នូវជំនួយអភិវឌ្ឍជាទឹកប្រាក់ប្រមាណ២៣.១លានដុល្លារសម្រាប់ឆ្នាំ២០២២-២០២៣ ។
ចំណែកពាណិជ្ជកម្មវិញ កាណាដាបាននាំចូលទំនិញដ៏ធំច្រើនសន្ធឹកសន្ធាប់ពីកម្ពុជា ដែលក្នុងនោះ ភាគច្រើនគឺសម្លៀកបំពាក់ ស្បែកជើង វាយនភណ្ឌ និងកាបូប ជាដើម ។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរសម្រាប់ឆ្នាំ២០២៥ ក្នុងរយៈពេល៣ត្រីមាសដំបូង បានកើនលើស១ពាន់លានដុល្លារអាមេរិក ដោយឡែក នៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសម្រេចបានដល់២,៤ពាន់លានដុល្លារ ដែលនេះ ជាសញ្ញាណវិជ្ជមានដ៏ល្អ និងបញ្ជាក់ច្បាស់អំពីលទ្ធភាពនៃការពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានសម្តែងការកោតសរសើរពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ។ ឯកឧត្តម លើកឡើងថា កម្ពុជាជាប្រទេសគំរូមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានផ្តល់តួនាទីសំខាន់ៗជូនស្ត្រី ដូចជាតួនាទីប្រធានរដ្ឋសភា រដ្ឋមន្ត្រី និងប្រធានស្ថាប័នជាច្រើនទៀត ។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីសមិទ្ធផល និងគម្រោងជាច្រើនដែលកាណាដាបាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។ កាណាដាបានត្រៀមលក្ខណៈជាស្រេចនៅក្នុងការជួយនិងគាំទ្រកម្ពុជា ក្នុងការរៀបបចំកិច្ចប្រជុំកំពូលលើកទី២០ ហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខ ហើយនៅពេលនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា និងធុរជនកាណាដានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ។
សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដានៅកម្ពុជានាពេលខាងមុខ ។ ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីរបស់ឯកឧត្តមនាយកដ្ឋមន្ត្រីកាណាដានៅកម្ពុជាគឺជាទំព័រថ្មីមួយ ដែលនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំ ទាំងកម្រិតទ្វេភាគី និងពហុភាគី។ សម្តេចបានកត់សម្គាល់ថា ទោះបីកាណាដានៅឆ្ងាយពីកម្ពុជាក្តី តែមនោសញ្ចេតនាប្រជាពលរដ្ឋប្រទេសទាំងពីរមានលក្ខណៈស្និទ្ធស្នាលបំផុត។
ឆ្លើយតបការបារម្ភពីជម្លោះព្រំដែនកម្ពុជា និងថៃ ដែលកើតពីការឈា្លនពានរបស់ប្រទេសថៃមកលើកម្ពុជានោះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តាមពិតទៅជម្លោះព្រំដែនរវាងប្រទេសទាំងពីរបានកើតមានជាយូរមកហើយ ដោយសារការប្រើប្រាស់ផែនទីខុសគ្នា ។
កម្ពុជាប្រើប្រាស់ផែនទីដែលអន្តរជាតិទទួលស្គាល់ចុះហត្ថលេខាទទួលស្គាល់ដោយបារាំងនិងសៀម ។ ចំណែកថៃប្រើប្រាស់ផែនទីឯកតោភាគី។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា ដោយធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍ កម្ពុជាបានស្គាល់រស់ជាតិឈឺចាប់ និងវិនាសកម្មពីភ្លើងសង្គ្រាម ដូច្នេះហើយ បានជាកម្ពុជាប្រកាន់យកភាពអត់ធ្មត់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងនានា គោរពច្បាប់អន្តរជាតិ និងដោយសារមិនចង់ឱ្យពលរដ្ឋទាំងសងខាងរងគ្រោះ ទទួលការលំបាកពីភ្លើងសង្គ្រាម។ ប៉ុន្តែភាគីថៃបានចិញ្ចឹមចិត្តឈ្លានពានកម្ពុជាបើកការវាយប្រហារមកលើកម្ពុជាជាញឹកញាប់។
សម្តេចបានសង្កត់ធ្ងន់ថា ការឈ្លានពានចុងក្រោយរបស់ថៃ មកលើអធិបតេយ្យកម្ពុជាមានលក្ខណៈឃោរឃៅ អមនុស្សធម៌ធ្វើឱ្យប៉ះពាល់សុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក រំលោភច្បាប់មនុស្សធម៌អន្តរជាតិ ធ្វើឱ្យពលរដ្ឋស្លូតត្រង់ជាជនស៊ីវិលស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ៕
ចែករំលែកព័តមាននេះ