ខេត្តបន្ទាយមានជ័យ៖ខណៈយោធាថៃនៅតែបន្តបើកការបាញ់ប្រហារដោយប្រើប្រាស់ អាវុធយុទ្ធោបករណ៍ធុនធ្ងន់ចូលទៅក្នុងមូលដ្ឋានប្រជាពលរដ្ឋស៊ីវិល និងសាលារៀន ក្នុងស្រុកអូរជ្រៅ ស្វាយចេក និងថ្មពួក កាលពីថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាត់វិធានការឆ្លើយតបយ៉ាងបន្ទាន់។
យោងតាមការផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក អ៊ុំ រាត្រី អភិបាលខេត្ត បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តបានបង្កើត មណ្ឌលសុវត្ថិភាពបន្ថែមរហូតដល់ ៣៩ ទីតាំង ដើម្បីទទួលយកបងប្អូនប្រជាពលរដ្ឋដែលភៀសខ្លួនមានការកើនឡើងជាបន្តបន្ទាប់។
មណ្ឌលសុវត្ថិភាពសំខាន់ៗដែលមានជនភៀសសឹកស្នាក់នៅបណ្តោះអាសន្នយ៉ាងច្រើន គឺស្ថិតនៅក្នុង ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។
អាជ្ញាធរកំពុងខ្នះខ្នែងសម្របសម្រួល និងធានាថាជនភៀសសឹកទាំងអស់ទទួលបានទីជម្រកសមរម្យ។
សកម្មភាពដ៏កំរោលរបស់យោធាថៃដែលបានបាញ់ផ្លោងចូលទីប្រជុំជន ដោយមិនរើសគោលដៅបែបនេះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈរដ្ឋបាលខេត្តបន្ទាយមានជ័យនៅតែបន្តប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីធានាសុវត្ថិភាព និងការផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះ៕
ចែករំលែកព័តមាននេះ