ខេត្តព្រះវិហារ៖ ក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីថ្នាក់ដឹកនាំកំពូលរបស់ជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកនៅខេត្តព្រះវិហារ។
យោងតាមការផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថានៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ជំនួយស្បៀង និងសម្ភារៈប្រើប្រាស់ជាច្រើនមុខសរុប ២,១០០ គ្រួសារ ត្រូវបាននាំយកមកចែកជូនភ្លាមៗ។ ជំនួយនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត ដែលបានគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋភៀសខ្លួនពីតំបន់ព្រំដែនខ្មែរ-សៀម។
យោងតាមសេចក្តីរាយការណ៍ អំណោយចំនួន ៣,០០០ កញ្ចប់ទៀតនឹងត្រូវដឹកជញ្ជូនជាបន្តបន្ទាប់នៅយប់នេះ ដើម្បីធានាថាជនភៀសសឹកទាំងអស់ទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់។
រាល់គ្រួសារភៀសសឹកនីមួយៗទទួលបានកញ្ចប់អំណោយដ៏សម្បូរបែប ដែលមានទាំងគ្រឿងឧបភោគបរិភោគនិងសម្ភារៈអនាម័យជាច្រើនមុខទៀត។ ជំនួយនេះ គឺជាចំណែកដ៏សំខាន់ក្នុងការទ្រទ្រង់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងស្ថានភាពដ៏លំបាកនេះ៕
ចែករំលែកព័តមាននេះ