ខេត្តសៀមរាប៖ ស្ត្រីមានផ្ទៃពោះ និងកូនតូចៗដែលកំពុងស្នាក់នៅជាជនភៀសសឹក ទទួលបានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋមួយចំនួនបានភៀសខ្លួនចេញពីតំបន់ប្រឈមមុខដាក់គ្នា។
យោងតាមការផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ លោក គុជ លីណា អនុប្រធានកាកបាទក្រហមខេត្ត និងក្រុមការងារកាកបាទក្រហមខេត្តសៀមរាប បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានផ្ទៃពោះ និងកូនតូច ជាជនភៀសសឹកស្ថិតនៅឃុំតាសៀម ឃុំស្វាយលើ ព្រមទាំងពាំនាំសម្ភារៈ និងថវិកាផ្តល់ជូនផងដែរ ដែលមានទីតាំស្ថិតនៅវត្តរហាល ចំនួន ៤៧៦គ្រួសារ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ សុខភាព និងការផ្គត់ផ្គង់អាហារដល់បងប្អូនឱ្យបានគ្រប់គ្រាន់បន្តទៀត។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដល់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសមកស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប៕
ចែករំលែកព័តមាននេះ