ខេត្តពោធិ៍សាត់៖ មន្ត្រីរាជការ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការបរិច្ចាគឈាមបរិច្ចាគឈាមនិងផ្ដល់កម្លាំងចិត្តតបស្នងគុណវីរកងទ័ពជួរមុខ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅរាត្រីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណ ជូនចំពោះមន្រ្ដីរាជការ សិស្សានុសិស្ស និងបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគឈាម ជាកម្លាំងចិត្តជួយគាំទ្រដល់វីរកងទ័ពជួរមុខ ជាការតបស្នងចំពោះការលះបង់ដ៏ធំធេង របស់វីរកងទ័ពយើង ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ពីសត្រូវសៀមឈ្លានពាន និងជាការជួយទ្រទ្រង់អាយុជីវិតប្រជាជនតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
សកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ មិនត្រឹមតែជាការជួយសង្គ្រោះអាយុជីវិតនោះទេ តែជាការបង្ហាញនូវ កម្លាំងចិត្ត និងការតបស្នងគុណដ៏ធំធេង ចំពោះវីរកងទ័ពជួរមុខកម្ពុជា។
ការបរិច្ចាគឈាមនេះ ត្រូវបានចាត់ទុកជាកាយវិការគាំទ្រដល់វីរកងទ័ព ដែលបាននិងកំពុងលះបង់ជីវិតដើម្បី ការពារជាតិ មាតុភូមិ ពីសត្រូវសៀមឈ្លានពាន។ លើសពីនេះ ឈាមដែលទទួលបាន ក៏នឹងត្រូវប្រើប្រាស់ដើម្បីទ្រទ្រង់អាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រឈមនឹងគ្រោះអាសន្នផងដែរ។
ការចូលរួមនេះ ត្រូវបានចាត់ទុកថាគឺជាកាតព្វកិច្ចមនុស្សធម៌ និងជាការរួមចំណែកដ៏មានន័យបំផុតក្នុងការធានាសុវត្ថិភាពសុខភាព ជូនដល់អ្នកដែលត្រូវការជំនួយបំផុតក្នុងពេលមានភាពតានតឹង៕
ចែករំលែកព័តមាននេះ