ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​ថៃ​ចាត់វិធានការ​ការពារ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ ចំពោះ​មុខ​សភាពការណ៍​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​អភិបាលខេត្ត (​ព្រះ​វិហារ ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង បៃ​លិ​ន ពោធិ៍សាត់…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​អភិបាលខេត្ត (​ព្រះ​វិហារ ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង បៃ​លិ​ន ពោធិ៍សាត់ និង​ខេត្តកោះកុង​) ជាប់​ព្រំដែន​ថៃ ត្រូវ​ចាត់វិធានការ​ការពារ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​មុខ​សភាពការណ៍​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ ។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ កងទ័ព​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មុន​មក​លើ​កងទ័ព​កម្ពុជា ក្នុង​គោលបំណង​ឈ្លានពាន​មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ យន្តហោះ​ចម្បាំង និង​ផ្សែង​ពុល ហើយ​បន្ត​អូស​បន្លា​យមក​ដល់​ពេល​បច្ចុប្បន្ន​។ សកម្មភាព​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ​នេះ បាន​បង្ក​ឱ្យ​មាន​វិនាសកម្ម អ្នក​របួស និង​អ្នក​ស្លាប់​បាត់បង់​អាយុជីវិត​ទាំង​កម្លាំងប្រដាប់អាវុធ និង​ជន​ស៊ី​វិល​ស្លូតត្រង់ ព្រមទាំង​បាន​បំផ្លាញ​ផ្ទះសម្បែង ទីតាំង​អាជីវកម្ម វត្ត​អារាម ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល ទ្រព្យសម្បត្តិ​ជា​ច្រើន​ទៀត និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ដើម្បី​គ្រប់គ្រង​សភាពការណ៍​តាម​ព្រំដែន និង​ឆ្លើយ​តប​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ ព្រមទាំង​ធានា​ការពារ​នូវ​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ចូលរួម​ថែរក្សា​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងមហាផ្ទៃ សូម​ធ្វើការ​ណែនាំ​ដល់ ឯកឧត្តម លោក​ជំទាវ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ អនុវត្ត​វិធានការ​ចំនួន​ដូច​ខាងក្រោម ៖

១. ត្រូវ​ធ្វើការ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បណ្តា​ស្រុក​ជាប់​ព្រំដែន ពិសេស​តំបន់ ដែល​មាន​ហានិភ័យ​ខ្ពស់ ឱ្យទៅ​កាន់​ទីជម្រក​សុវត្ថិភាព​ដែល​ត្រូវ​បាន​រៀបចំ​រួច​ជា​ស្រេច ដោយ​រដ្ឋបាល​ខេត្ត​សាមី​ឱ្យ​បាន​ឆាប់​បំផុត ដោយ​ត្រូវ​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ និង​សុវត្ថិ​-​ភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​។

២. ត្រូវ​ចាត់ចែង និង​ផ្តល់​ជូន​ជនភៀសសឹក​នូវ​គ្រឿង​ឧបភោគ​បរិ​ភាគ ថ្នាំសង្កូវ ទឹក​ស្អាត អគ្គិសនី រៀបចំ​ជម្រក​ឬ​តង់ សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​តម្រូវការ​ចាំបាច់​ផ្សេង​ទៀត​ឱ្យ បាន​សម​ស្រប​។

៣.​អាច​ធ្វើការ​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ី​វិល​ជាតិ​និង​អន្តរជាតិ និង សប្បុរសជន​នានា ឱ្យ​ផ្តល់​ជំនួយ​ជា​ស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជំនួយ និង​សេវា​សង្គម ចាំបាច់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ដែល​កំពុង​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​នៅ​តាម ទីជម្រក​សុវត្ថិភាព​។

៤. ត្រូវ​បែងចែក​កម្លាំង និង​ចាត់វិធានការ​រដ្ឋបាល​និង​សន្តិសុខ​ដើម្បី​គ្រប់គ្រង និង​ថែរក្សា ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​តាម​ទីជម្រក​សុវត្ថិភាព ព្រមទាំង​ការពារ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ភៀស​សឹក​ពី​ការ​លួច​គាស់​និង​ការ​បំផ្លិចបំផ្លាញ​ពី​ត ជនខិលខូច​។ ទន្ទឹម​នេះ ត្រូវ​ចាត់​កម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​យាម ល្បាត​២៤/២៤​ម៉ោង ដើម្បី​ចាត់វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ជនបង្កប់​ឬ​ជនល្មើស ដែល​ធ្វើ​សកម្មភាព​ស៊ើបការណ៍ និង​ផ្តល់​ព័ត៌មាន​សម្ងាត់ ឬ​ទីតាំង​របស់​យោធា​កម្ពុជា​ទៅ​ឱ្យ ខ្មាំងសត្រូវ​បរទេស​។

៥. ត្រូវ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​ផ្សព្វផ្សាយ​នូវ​រូបភាព ឬ​វី​ដេ​អូ​ដែល​បង្ហាញ អំពី​ការ​ចល័ត​កម្លាំងប្រដាប់អាវុធ សព្វាវុធ និង​ទីតាំង​ឬ​មូលដ្ឋាន​កងទ័ព​កម្ពុជា​ជា​ដាច់ខាត​។

៦. ត្រូវ​រៀបចំ​ឱ្យ​មាន​ក្រុមការងារ​មួយ​ទទួល​បន្ទុក​រាយការណ៍​ប្រចាំ​ថ្ងៃ​ជូន​មក​ក្រសួងមហាផ្ទៃ រៀង​រាល់ពេល​ព្រឹក (​ម៉ោង​៧) ពេល​រសៀល (​ម៉ោង​១២) និង​ពេល​ល្ងាច (​ម៉ោង​១៨) អំពី សភាពការណ៍​វិវត្តន៍​នៅ​សមរភូមិ​មុខ ស្ថានភាព​ជនភៀសសឹក និង​សភាពការណ៍​ចាំបាច់ ផ្សេង​ទៀត​។

៧. ត្រូវ​ចាត់​ឱ្យ​មាន​ក្រុមការងារ​មួយទៀត​ទទួល​កត់ត្រា និង​ចងក្រង​ភស្តុ​តាង​នូវ​រាល់​ការ​វាយ ប្រហារ និង​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​រួម​មាន អ្នក​រង​របួស និង​អ្នក​ស្លាប់​បាត់បង់​អាយុ ជីវិត​ជន​ស៊ី​វិល ការ​ខូចខាត​ទ្រព្យសម្បត្តិ ផ្ទះសម្បែង វត្ត​អារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល និង​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​(​សូម​ភ្ជាប់​មក​ជាមួយ​នូវ រូបថត វី​ដេ​អូ ទីតាំង​និយាម​កា​ជាក់លាក់ និង​ភស្តុ​តាង​ប្រសិនបើ​មាន​)​។

៨. ត្រូវ​ហាមឃាត់​ការ​បង្ហោះ​អាកាស​យាន្ត​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​)​របស់​ជន​ស៊ី​វិល និង​ចាត់ វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​បង្ហោះ​ឱ្យ​បាន​ទាន់​ពេលវេលា រហូត​ដល់​សភាពការណ៍ វិល​មក​រក​ប្រក្រតី​ភាព​វិញ​។

៩. ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ច្បាស់​ការណ៍​ជូន​ប្រជាពលរដ្ឋ ច្រានចោល​ព័ត៌មាន​មិន​ពិត ជា​ពិសេស​ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ការ​ឃោសនា​ដែល​មាន​លក្ខណៈ ញុះញង់ បំបាក់ទឹកចិត្ត​កង​យោធពលខេមរភូមិន្ទ​និង​កងកម្លាំង​នគរបាល​ជាតិ បញ្ឆេះ​កំហឹង និង​ការ​រើសអើង​ជាតិ​សាសន៍​រវាង​ប្រជាជាតិ​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ