ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ពោធិ៍សាត់ ណែនាំ​ដល់​ក្រុមការងារ​ទទួល​ជនភៀសសឹក នៅ​តាម​ទីតាំង​សុវត្ថិភាព

11 ម៉ោង មុន

ខេត្តពោធិ៍សាត់​ ៖ លោក ខូ​យ រី​ដា បាន​ណែនាំ​ដល់​ក្រុមការងារ​ទទួល​ជនភៀសសឹក​ ត្រូវ​ធានា​ឱ្យ​បាន​នូវ​សណ្តាប់ធ្នាប់ និង​សុវត្ថិ​ភាពល្អ នៅ​តាម​ទីតាំង​សុវត្ថិភាព បំពេញ​តាម​តម្រូវការ​ផ្សេង​ៗ…

ខេត្តពោធិ៍សាត់​ ៖ លោក ខូ​យ រី​ដា បាន​ណែនាំ​ដល់​ក្រុមការងារ​ទទួល​ជនភៀសសឹក​ ត្រូវ​ធានា​ឱ្យ​បាន​នូវ​សណ្តាប់ធ្នាប់ និង​សុវត្ថិ​ភាពល្អ នៅ​តាម​ទីតាំង​សុវត្ថិភាព បំពេញ​តាម​តម្រូវការ​ផ្សេង​ៗ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក​ស្នាក់​នៅ​ ។

ការ​ណែនាំ​របស់​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​រសៀល​ថ្ងៃ​អង្គារ ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​ឱកាស​អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ជនភៀសសឹក មក​ពី​ឃុំ​ថ្មដា ព្រំដែន​កម្ពុជា​-​ថៃ កំពុង​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​ នៅ​ទីតាំង​មាន​សុ​វត្តិភាព ក្នុង​ទីប្រជុំជន​ស្រុក​វាល​វែង ​។

បើ​តាមលោក ធាង ឡេ​ង អភិបាលស្រុក​វាល​វែង បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ ដែល​បាន​ជម្លៀស​ចេញពី​ឃុំ​ថ្មដា សរុប​មាន​ប្រមាណ ៣,៧៣៦​នាក់ ស្មើ​នឹង​៩០០​គ្រួសារ​។ ក្រោម​ការ​យកចិត្តទុកដាក់​ពីលោក ខូ​យ រី​ដា ជា​អភិបាលខេត្ត អាជ្ញាធរ​ខេត្តពោធិ៍សាត់ និង​អាជ្ញាធរ​ស្រុក​វាល​វែង បាន​រៀបចំ​ទីតាំង​មាន​សុវត្ថិភាព ​ចំនួន​២​កន្លែង និង​បាន​ជួយ​អន្តរាគមន៍​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ ដែល​ប្រឈម​ខ្លាំង មក​កាន់​ទីតាំង​មាន​សុវត្ថិភាព ដោយ​គិត​ត្រឹម​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ជនភៀសសឹក កំពុង​ស្នាក់​នៅ​បណ្តោះអាសន្ន​ នៅ​ទីតាំង​មាន​សុវត្ថិភាព សរុប​មាន​ចំនួន​១,៧៧៩​នាក់ ក្នុង​នោះ​ស្ត្រីមាន​ចំនួន​៩៣១​នាក់ សិស្សានុសិស្ស​ ចំនួន​៣៨៩​នាក់ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៩​នាក់ និង​មនុស្ស​អាយុ​ក្រោម​១៥​ឆ្នាំ មាន​៦០៤​នាក់ ​។

ក្នុង​ឱកាស​នោះ លោក ខូ​យ រី​ដា បាន​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក​ថា ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា គោរព​ជា​និច្ច​ នូវ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​ត្រូវការ​សន្តិភាព មិន​ត្រូវការ​សង្គ្រាម​នោះ​ទេ តែបើ​មានការ​រំលោភ​ឈ្លានពាន ភារកិច្ច​ចម្បង និង​ចំពោះ​មុខ​របស់​រាជរដ្ឋាភិបាល​គឺ ​៖ ១. ការពារ​ប្រជាជន ២. ការពារ​បូរណភាព​ទឹកដី​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា នេះ​បើ​តាម​ប្រសាសន៍​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​សម្តេច​សូម​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន អ​ជ្ញា​ធរ​គ្រប់​លំ​ដាក់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ រួម​សាមគ្គី​គ្នា​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ