ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​អង្គទូត​បរទេស​ប្រចាំ​កម្ពុជា អង្គការ​អន្តរជាតិ និង​តំណាង​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ក្រសួងការពារជាតិ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ០៩ ខែធ្នូ ឆ្នាំ ២០២៥​នេះ ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ ៖ ប្រភព​ក្រសួងការពារជាតិ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ០៩ ខែធ្នូ ឆ្នាំ ២០២៥​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​អង្គទូត​បរទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ៣០ អង្គទូត និង ០៣ អង្គការ​អន្តរជាតិ ក្នុង​នោះ​ក៏​មាន​តំណាង​អង្គការសហប្រជាជាតិ​ចូលរួម​ផង​ដែរ ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​យោធភូមិ​ភាគ​ទី ៤ និង​យោធភូមិ​ភាគ​ទី ៥ ក្រោយ​យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​ឈ្លានពាន​មក​លើ​កម្ពុជា ដែល​សកម្មភាព​នៃ​រំលោភ​បំពាន​លើ «​បទ​ឈប់​បាញ់​» និង «​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ​» អស់​រយៈពេល ៣ ថ្ងៃ​មក​ហើយ ចាប់តាំងពី​ថ្ងៃ​ទី ០៧ ខែធ្នូ ឆ្នាំ ២០២៥ រហូត​មក​ទល់​ថ្ងៃនេះ ។

ក្រសួងការពារជាតិ ឱ្យដឹងទៀតថា នៅ​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដា​រ៉ា​រ័​ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថានការណ៍​ជាក់ស្តែង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​កំពុង​កើត​មាន ។ នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត​បរទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អង្គការ​អន្តរជាតិ និង​តំណាង​អង្គការសហប្រជាជាតិ ក្រុមការងារ​សម្របសម្រួល​អ្នក​សង្កេតការណ៍​របស់​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (CLG) បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចូលរួម​ស្ដាប់​បទ​បង្ហាញ​ខាងលើ​តាម​រយៈ​ប្រព័ន្ធ ZOOM ផង​ដែរ ។

នៅ​ក្នុង​ខ្លឹមសារ​នៃ​ការ​ធ្វើ​បទ​បង្ហាញ ក្រសួងការពារជាតិ បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់លាស់ និង​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ព្រមទាំង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​កន្លង​មក​ប្រកបដោយ​សុច្ឆន្ទៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ។

កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​គំរាម ឬ​ការ​ប្រើប្រាស់​កម្លាំង សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​យុ​ត្ត​ធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ។ ទន្ទឹង​នឹង​នេះ កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ​វិល​ត្រឡប់​មក​អនុវត្ត​វិញ​នូវ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​ថៃ​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ ២០២៥ ក្រោម​ការ​ធ្វើ​ជា​សាក្សី​របស់​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដូ​ណា​ល់ ត្រាំ និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ប្រធាន​អាស៊ាន​ប្តូរ​វេន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ