រាជធានីភ្នំពេញ ៖ យោធាថៃបានបាញ់ផ្លោងអាវុធធុនធ្ងន់ធ្លាក់ក្បែរសាលាបឋមសិក្សាចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន១គ្រាប់ និង១គ្រាប់ទៀត ធ្លាក់ក្បែរចំការពោតជើងភ្នំ ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ។
លោកជំទាវ ម៉ាលីសុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០២:៤០នាទី យោធាថៃបានបាញ់ផ្លោងអាវុធធុនធ្ងន់ធ្លាក់ក្បែរ សាលាបឋមសិក្សាចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន១គ្រាប់ និង១គ្រាប់ទៀត ធ្លាក់ក្បែរចំការពោតជើងភ្នំ ។
លោកជំទាវបន្តថា សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេស ជាសាលារៀនរបស់កុមារ ។
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភ បំពាន លើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគី ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋ មន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ៕
ចែករំលែកព័តមាននេះ