អាមេរិក-អឺរ៉ុប ៖ នៅក្រុងវ៉ាស៊ីននតោនប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃទី៨ ធ្នូ បានធ្វើការវាយប្រហារជាថ្មីទៀតលើអឺរ៉ុប ដោយបរិហារពីការជ្រើសរើសរបស់អឺរ៉ុបទាក់ទិនអន្តោប្រវេសន៍ និងនយោបាយ ។
លោកវាយតម្លៃថា អឺរ៉ុបកំពុងដើរខុសផ្លូវប្រកបដោយគ្រោះថ្នាក់ ។ លោកអះអាងថា អឺរ៉ុបត្រូវប្រយ័ត្នឲ្យខ្លាំងបំផុតដោយលោកថា ទ្វីបអឹរ៉ុបដើរផ្លូវខុសអាក្រក់មួយចំនួន ។ ការផ្លាស់ប្ដូរនោះ ពិតជាគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់មនុស្ស ។ លោកថា លោកមិនចង់ឃើញអឺរ៉ុបផ្លាស់ប្ដូរច្រើនបែបនេះទេ ។
ការលើកឡើងនេះរបស់លោកត្រាំធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីការចេញផ្សាយដោយរដ្ឋការលោកនូវយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី ជាឯកសារមានលក្ខណៈជាតិនិយម ដែលផ្ដោតលើផ្នែកមួយនៃការរិះគន់របស់លោក ចំពោះការជ្រើសរើសរបស់អឺរ៉ុបខាងអន្តោប្រវេសន៍និងអធិបតេយ្យភាព។
ឯកសារនោះលើកឡើងជាពិសេស ពីការលុបបំបាត់ចោលអរិយធម៌របស់ទ្វីបអឺរ៉ុប និងប្រកាសអាសន្នថា ប្រសិនបើនិន្នាការបច្ចុប្បន្ននៅបន្តទៀត នោះទ្វីបនេះនឹងមើលលែងស្គាល់ក្នុងអំឡុងពេលមិនដល់២០ឆ្នាំទៀតផង ។
យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីនោះ ឆ្លុះបញ្ជាំងពីលទ្ធិជាតិនិយមអះអាងដោយលោកប្រធានាធិបតីដូណាល់ត្រាំ ។ យុទ្ធសាស្ត្រនោះ បានរិះគន់អឺរ៉ុបថា ស្វែងរកការពង្រឹងកម្លាំងរបស់ខ្លួន តែមិនចាត់ទុករុស្ស៊ីថា ជាការគំរាមកំហែងដោយផ្ទាល់ឡើយ ។
យុទ្ធសាស្ត្រនេះ ជាការគាប់ចិត្តរបស់រុស្ស៊ីដែលថ្លែងថា វាដូចគ្នាទាំងស្រុងទៅនឹងទស្សនវិស្ស័យរបស់ខ្លួន ។ ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុង អធិការបតីអាល្លឺម៉ង់ លោកហ្វ្រីអ៊ីឌ្រិកមេស និងមេដឹកនាំអឺរ៉ុបដទៃៗទៀត បានសម្ដែងការមិនទុកចិត្តរបស់ពួកគេលើការខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាមួយរុស្ស៊ី ៕
ចែករំលែកព័តមាននេះ