រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ បានប្រកាសនាថ្ងៃទី៩ ខែធ្នូនេះថា ៖ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៖

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២:៣៣នាទី យោធាថៃបានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ និងបានប្រើប្រាស់កាំភ្លើងធំ១០៥មម និង១៥៥មម បាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន៕
ចែករំលែកព័តមាននេះ