រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអំពាវនាវឱ្យយោធានៃប្រទេសទាំងពីរ កម្ពុជា និងថៃ បញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ការពារបេតិកភណ្ឌវប្បធម៌ជាតិ និងអន្តរជាតិដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់មនុស្សជាតិ ។
ក្រុមប្រឹក្សាវប្បធម៌អាស៊ីក៏ស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលគំរាមកំហែងដល់ សន្តិភាព និងស្ថិរភាពនៃប្រទេសទាំងពីរ ដោយការប្រើប្រាស់កម្លាំងយោធា និងប្តេជ្ញាចិត្តដោយ ស្មោះត្រង់ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ។
ក្នុងសេចក្ដីថ្លែងការណ៍ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ក៏សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចឡើងវិញរវាងកម្ពុជា និងថៃ ដោយអាវុធធុនធ្ងន់ និងយន្តហោះទម្លាក់គ្រាប់បែក កាលពីថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលបានបង្កឱ្យប្រជាពលរដ្ឋជនស៊ីវិលរងរបួស និង បាត់បង់ជីវិត ការបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅឋាន ជាពិសេស ការវាយប្រហារមកលើ សម្បត្តិបេតិកភណ្ឌជាតិ និងអន្តរជាតិ រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ ។
ក្រុមប្រឹក្សាវប្បធម៌អាស៊ីក៏ជំរុញឱ្យភាគីទាំងពីរ ដោយគោរពនូវសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចរបស់ខ្លួនចំពោះច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេស អនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដើម្បីនាំមកនូវសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាវប្បធម៌អាស៊ី គាំទ្រដល់ជម្រើសលើកកម្ពស់ការផ្សះផ្សា ដំណោះស្រាយការទូត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីការកសាងសន្តិភាព ទំនុកចិត្ត វិបុលភាព និងឯកភាពនៃទ្វីបអាស៊ី ដែលមានអរិយធម៌ដ៏រុងរឿង ៕
ចែករំលែកព័តមាននេះ