ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងការពារជាតិ ៖ ថៃ​បាន​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ពី​ស្ថានភាព​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖
ភាគី​ថៃ​បាន​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ និង​«​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ​» ដែល​ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដោយ​ធ្វើ​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​សា​ជា​ថ្មី មក​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា ដោយ​ការ​ប្រើប្រាស់​កម្លាំងយោធា ។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​ឈ្លានពាន​យ៉ាង​កំរោល សាហាវ ឃោរឃៅ ល្មោភ​សង្គ្រាម​របស់​ព្រះរាជាណាចក្រ​ថៃ មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដោយនៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​១៤:១៥​នាទី យោធា​ថៃ បាន​ចាប់ផ្តើម​ធ្វើការ​បាញ់ប្រហារ នៅ​តំបន់​ព្រ​លាន​ថ្ម ក្នុង​ខេត្តព្រះវិហារ និង​បាន​បន្ត​មក​ដល់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ យោធា​ថៃ បាន​ឈាន​បើក​ការ​បាញ់ប្រហារ នៅ​វេលា​ម៉ោង​០៥:០៤​នាទី​ព្រឹក រហូត​ដល់​ម៉ោង​០៦:០០​នាទី​ល្ងាច​នេះ យោធា​ថៃ មិន​ទាន់​ឈប់​វាយប្រហារ​មក​លើ​កម្ពុជា​នៅឡើយ​ទេ នៅ​តំបន់​អានសេះ និង​នៅ​តំបន់​ផ្សេង​ៗ​ទៀត​យ៉ាង​កំរោល ។

នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៤ សកម្មភាព​បាញ់ប្រហារ​របស់​យោធា​ថៃ បាន​ប្រើប្រាស់​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ ធុន​ធ្ងន់ គ្រប់​ប្រភេទ រួម​ទាំង​កាំភ្លើង​ដៃ​, កាំភ្លើងយន្ត​, កាំភ្លើងត្បាល់ MT60, រថក្រោះ​, កាំភ្លើង​ធំ 155mm, កាំភ្លើង 12,7 ព្រមទាំង​ប្រើ​យន្តហោះ​ចម្បាំង ប្រភេទ F-16 ទម្លាក់​គ្រាប់​, យន្តហោះ AT-6 ប្រភេទ​ទម្លាក់​គ្រាប់បែក​, ដ្រូ​ន​ទម្លាក់​គ្រាប់បែក និង​ប្រើប្រាស់​ការ​បាញ់​ផ្សែង​ពុល មក​លើ​កងកម្លាំង​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​នោះ ។

បន្ទាប់​មក​នៅ​វេលា​ម៉ោង ១៣:៣៦​នាទី​រសៀល យោធា​ថៃ​បាន​បន្ត​ពង្រីក​ភូមិសាស្ត្រ​នៃ​ការ​វាយប្រហារ​ទៅ​ដល់​តំបន់​ផ្សេង​ៗ​ទៀត នៅ​ក្នុង​យោធភូមិ​ភាគ​ទី​៥ ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​បាន​នឹង​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន ដូច​ជា​នៅ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ និង​ភូមិ​គោក​រមៀត ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ និង​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​យោធា​ថៃ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ធ្វើ​សកម្មភាព​បង្កហេតុ​ជា​ច្រើន​រាប់​មិន​អស់​ច្រើន​ថ្ងៃ​មក​ហើយ ក្នុង​ចេតនា​ញុះញង់ ដើម្បី​នាំ​ដល់​ការ​ប៉ះទង្គិច​គ្នា​ឱ្យ​ខាន​តែ​បាន​។ នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥ សកម្មភាព​បាញ់ប្រហារ​របស់​យោធា​ថៃ​បាន​ប្រើប្រាស់​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​ជា​ច្រើន​ប្រភេទ​ដូច​ជា​៖ កាំភ្លើង​ដៃ​, កាំភ្លើងត្បាល់​ប្រភេទ ៦០​ម​ម​, កាំភ្លើងត្បាល់​ប្រភេទ​៨០​ម​ម​, កាំភ្លើងយន្ត ១២,៧​ម​ម និង​រថក្រោះ និង​គិត​មក​ត្រឹម​ម៉ោង​នេះ យោធា​ថៃ​មិន​ទាន់​ឈប់​វាយប្រហារ​ឈ្លានពាន​កម្ពុជា​នៅឡើយ​ទេ​។ បើ​ទោះបីជា​មានការ​បាញ់ប្រហារ​យ៉ាង​គំហុក​ពី​យោធា​ថៃ​តាំងពី​ថ្ងៃ​ទី​៧ និង​បន្ត​ដល់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ប៉ុន្តែ​កងកម្លាំង​កម្ពុជា​មិន​ទាន់​បាន​ធ្វើការ​បាញ់​តបត​ឡើយ គឺ​ប្រកាន់​ស្មារតី​អត់ធ្មត់​ខ្ពស់​បំផុត​។ កង​យោធពលខេមរភូមិន្ទ ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សុវត្ថិភាព​របស់​ប្រជាជន ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​ដ៏​កំរោល និង​សាហាវឃោរឃៅ​របស់​ថៃ មក​លើ​កម្ពុជា ។

សកម្មភាព​ឈ្លានពាន​ដោយ​ប្រដាប់​អាវុធ​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា​ជា​លើក​ទី​២​នេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​នូវ​ចេតនា​របស់​ភាគី​ថៃ ក្នុង​ការ​ឈ្លានពាន​វាត​យក​ទឹកដី​ប្រទេស​ជិតខាង តាម​រយៈ​ការ​ប្រើប្រាស់​ផែនទី​ឯកតោភាគី​របស់​ខ្លួន និង​ការ​ប្រើប្រាស់​កម្លាំង​ដើម្បី​ផ្លាស់​ប្តូរ​ខ្សែ​ព្រំដែន ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​អន្តរជាតិ និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដែល​ទ​ង្វើ​បែប​នេះ​ជា​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​ទៅ​ដល់​សន្តិភាព ស្ថិរភាព​នៅ​ក្នុង​តំបន់ និង​សកលលោក​។

ទ​ង្វើ​ដ៏​កំរោល និង​ខុសច្បាប់​របស់​ភាគី​ថៃ​នេះ ក៏​ជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​បំផុត​នូវ​បទ​ឈប់​បាញ់​ដែល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​មាន​ម៉ា​ឡេ​ស៊ី សហរដ្ឋ​អាម៉េរិក និង​ចិន​ធ្វើ​ជា​សាក្សី និង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​ផ្ទាល់​របស់ ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ក៏​ដូច​ជា​កិច្ចព្រមព្រៀងទ្វេភាគី​ទាំងឡាយ​ដែល​សម្រេច​បាន​នៅ​កិច្ចប្រជុំ​វិសាមញ្ញ និង​កិច្ចប្រជុំ​ពិសេស នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) និង​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC)​។

ក្នុង​ន័យ​នេះ កម្ពុជា​សូម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ និង​សកម្មភាព​ខុសច្បាប់​របស់​ថៃ​ម្តង​ហើយ​ម្តងទៀត​នេះ ដោយ​ទាមទារ​ឱ្យ​ថៃ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កំរោល​នេះ​។ កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ​បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ដោយ​ដក​កម្លាំង​ចេញពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា និង​ចៀសវាង​សកម្មភាព​ឈ្លានពាន ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។ ទន្ទឹម​នឹង​នេះ កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ ងាក​មក​គោរព​កិច្ច​ព្រម ព្រៀម​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព និង​កាតព្វកិច្ច​ទាំងឡាយ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ឱ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយ​សុច្ឆន្ទៈ​ពិតប្រាកដ​។

កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ព្រមទាំង​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​កន្លង​មក ប្រកបដោយ​សុច្ឆន្ទៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​។ កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​គំរាម ឬ​ការ​ប្រើប្រាស់​កម្លាំង សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​យុ​ត្ត​ធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​។

ក្រសួងការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ​បន្ត​គោរព និង​អនុវត្ត​ឥត​ងាករេ នូវ​រាល់​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី ព្រមទាំង​សុខ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ ឈ្លានពាន​ដោយ​ខុសច្បាប់ មក​លើ​ទឹកដី​របស់​ខ្លួន​បានជា​ដាច់ខាត ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ