ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ឈ្លានពាន​ថៃ​ មិន​ទាន់​ព្រម​បញ្ឈប់​បាញ់ប្រហារ​មក​លើ​កងទ័ព​កម្ពុជា ​នៅឡើយ​ទេ

10 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​ បានឱ្យ​ដឹង​ថា ​គិត​មក​ដល់​ត្រឹមវេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ២០២៥​នេះ​ កងទ័ព​ឈ្លានពាន​ថៃ នៅ​តែ​បើក​ការ​វាយប្រហារ​យ៉ាង​ឃោរ​ឃៅ​…

រាជធានីភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​ បានឱ្យ​ដឹង​ថា ​គិត​មក​ដល់​ត្រឹមវេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ២០២៥​នេះ​ កងទ័ព​ឈ្លានពាន​ថៃ នៅ​តែ​បើក​ការ​វាយប្រហារ​យ៉ាង​ឃោរ​ឃៅ​ មក​លើ​កងទ័ព​កម្ពុជា​នោះ ពួក​គេ​មិន​ទាន់​ព្រម​បញ្ឈប់​អំពើ​ឈ្លានពាន​របស់​ពួក​គេ​មក​លើ​ទឹកដី​កម្ពុជា ​នៅឡើយ​ទេ ​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ​នា​ល្ងាច​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ២០២៥ ​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ៖ «​មក​ដល់​ល្ងាច​ម៉ោង​៦​នេះ ​កងទ័ព​ថៃ​ មិន​ទាន់​បញ្ឈប់​ការ​បាញ់ប្រហារ​មក​លើ​ទឹកដី​កម្ពុជា ​នៅឡើយ​ទេ ពិសេស​នៅ​តំបន់​អានសេះ និង​តំបន់​ផ្សេង​ៗ​ទៀត ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​» ​។

អ្នកនាំពាក្យ ​ក្រសួងការពារជាតិ​កម្ពុជា​ ក៏​បានឱ្យ​ដឹង​ពី​យោធភូមិ​ភាគ​ទី​៤ គឺ​កងទ័ព​ថៃ ​បាន​បាញ់ប្រហារ​យុទ្ធោបករណ៍​ធុន​ធ្ងន់​ គ្រប់​ប្រភេទ រួម​ទាំង​កាំភ្លើង​ដៃ កាំភ្លើងយន្ត កាំភ្លើងត្បាល់ រថក្រោះ យន្តហោះ​ចម្បាំង ដ្រូ​ន​ទម្លាក់​គ្រាប់បែក និង​បាញ់​ផ្សែង​ពុល​មក​លើ​កងទ័ព​កម្ពុជា ​ដែល​ឈរជើង​នៅ​ក្នុងភូមិ​សាស្ត្រ​នោះ​។ ​បន្ទាប់​មក ​នៅ​វេលា​ម៉ោង​០១និង៣០​នាទី​រសៀល​ កងទ័ព​ថៃ ​បន្ត​ពង្រីក​សមរភូមិ​វាយប្រហារ​ទៅ​តំបន់ផ្សេង​ទៀត ​នៅ​ក្នុង​យោធភូមិ​ភាគ​ទី​៥​ ក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង​ មក​លើ​កងទ័ព​កម្ពុជា ​ដែល​កំពុង​ឈរ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន ​ក្នុង​នោះ​ មាន​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ អូរ​បី​ជាន់ អូរ​ជ្រៅ គោក​រមៀត ថ្មពួក ខេត្តបន្ទាយមានជ័យ និង​នៅស្រុកសំពៅ​លូន ខេត្តបាត់ដំបង ​។

ដោយ​ឡែ​ក្នុង​យោធភូមិ​ភាគ​ទី​៥​ កងទ័ព​ថៃ ​បាន​ប្រើប្រាស់​យុទ្ធោបករណ៍​ធុន​ធ្ងន់​ ជា​ច្រើ​ប្រភេទ ​ដូច​ជា​កាំភ្លើង​ដៃ កាំភ្លើងត្បាល់ កាំភ្លើងយន្ត និង​រថក្រោះ ហើយ​គិត​មក​ដល់​ត្រឹម​ម៉ោង​៦​នេះ ​កងទ័ព​ឈ្លានពានថៃ ​មិន​ទាន់​បញ្ឈប់​បាញ់ប្រហារ​ ឈ្លានពាន​មក​លើ​កម្ពុជា ​នៅឡើយ​ដែរ​ ។

ទោះ​យ៉ាងណា​ក្តី អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បាន​ថ្លែង​បញ្ជាក់​ដែរ​ថា បើ​ទោះបី​មានការ​បាញ់ប្រហារ​ពី​សំណាក់​កងទ័ព​ថៃ​ ចាប់ពី​ថ្ងៃ​ទី​៧ និង​បន្ត​មក​ដល់​ថ្ងៃ​ទី៨ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែ​កងកម្លាំង​កម្ពុជា មិន​ទាន់​មានការ​បាញ់ប្រហារ​តបត​នៅឡើយ​ទេ ​គឺ​ប្រកាន់​នូវ​ស្មារតី​អត់ធ្មត់​ខ្ពស់​បំផុត ​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា បញ្ជាក់​បន្ថែម​ថា​ សកម្មភាព​ឈ្លានពាន​របស់​កងទ័ព​ថៃ​នេះ ​ធ្វើ​ឡើង​ក្រោយ​បង្កហេតុ​ជា​ច្រើន​ រាប់​មិន​អស់​ ជា​ច្រើន​ថ្ងៃ​មក​ហើយ ​ក្នុង​ចេតនា​ញុះញង់​ ដើម្បី​បង្កើត​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា ​ឱ្យ​ខាន​តែ​បាន​របស់​ពួក​គេ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ