ខេត្តសៀមរាប៖ រមណីយដ្ឋានអង្គរត្រៀមនឹងបើកទំព័រថ្មីមួយ ដែលអាចធ្វើឱ្យអ្នកទេសចររំភើបចិត្ត គឺការត្រៀមបើក ជាន់ទីបីនៃប្រាសាទបាយ័ន ឱ្យភ្ញៀវចូលទស្សនាឡើងវិញ បន្ទាប់ពីការបិទអស់រយៈពេលជាយូរដើម្បីជួសជុល។
យោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថានៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យមើលកិច្ចការងារនេះដោយផ្ទាល់ ក្នុងគោលបំណង ធានាសុវត្ថិភាពខ្ពស់បំផុតមុននឹងប្រកាសបើកជាផ្លូវការ។ ការចុះពិនិត្យបន្ទាន់នេះ ធ្វើឡើងមុនកិច្ចប្រជុំផ្លូវការសំខាន់របស់ អាយស៊ីស៊ី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១១ និងទី១២ ខែធ្នូ ខាងមុខ។
ក្រៅពីការត្រៀមបើកប្រាសាទបាយ័នឡើងវិញ ក្រុមអ្នកជំនាញក៏បានពិនិត្យយ៉ាងហ្មត់ចត់លើគម្រោងសំខាន់មួយទៀត គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធទឹកនៅក្នុងបរិវេណប្រាសាទបាភួន ប្រាសាទភិមានអាកាស និងជាពិសេសបរិវេណជុំវិញ អតីតព្រះបរមរាជវាំងក្រុងអង្គរធំ។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយគ្រប់គ្រងកម្រិតទឹកក្រោមដី និងធានានិរន្តរភាពនៃការអភិរក្សប្រាសាទ រួមទាំងលើកកម្ពស់សោភណភាពប្រវត្តិសាស្ត្រក្នុងតំបន់នោះផងដែរ។
កិច្ចប្រជុំផ្លូវការរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ នឹងក្លាយជាព្រឹត្តិការណ៍សម្រេចចិត្តដ៏សំខាន់សម្រាប់ជោគវាសនានៃការបើកតំបន់សំខាន់ៗទាំងនេះឡើងវិញ៕
ចែករំលែកព័តមាននេះ