រតនគិរី ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃពន្ធនាគារខេត្តរតនគិរី បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះអប់រំផ្សព្វផ្សាយផ្ទាល់ដល់ជនជាប់ឃុំ ដោយផ្តោតលើចំណុចសំខាន់ៗចំនួនពីរគឺ ៖ ការពង្រឹងវិន័យ និងការថែទាំសុខភាព ។

ជាក់ស្តែង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុក គឹមជន បានរៀបចំប្រជុំអប់រំបញ្ជាផ្ទៃក្នុង ផលប៉ះពាល់នៃគ្រឿងញៀ.ន ជំងឺស្ពឹក និងជំងឺគាំងបេះដូង ដល់ជនជាប់ឃុំនៅក្នុងពន្ធនាគារ ។ នេះបើយោងតាម អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ។

អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុក គឹមជន ប្រធានពន្ធនាគារខេត្តរតនគិរី បានចាត់តាំងឲ្យលោកស្រីឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ឆោម ស្រីពេជ្រ អនុប្រធានពន្ធនាគារទទួលផែនអប់រំកែប្រែនិងស្ដារនីតិសម្បទា ដឹកនាំការប្រជុំអប់រំណែនាំពីបទបញ្ជាផ្ទៃក្នុង ផលប៉ះពាល់នៃគ្រឿងញៀ.ន ជំងឺស្ពឹក និងជំងឺគាំងបេះដូង ដល់ជនជាប់ឃុំនៅក្នុងពន្ធនាគារ ការប្រជុំណែនាំនេះមានការអញ្ជើញចូលរួមពីប្រធានការិយាល័យ ប្រធានផ្នែក និងមន្ត្រីជំនាញពាក់ព័ន្ធ ។
សកម្មភាពនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំពន្ធនាគារខេត្តរតនគិរី មិនត្រឹមតែលើការឃុំឃាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការកែប្រែឥរិយាបថ និងការគិតគូរដល់អាយុជីវិតរបស់ជនជាប់ឃុំផងដែរ ៕
ចែករំលែកព័តមាននេះ