ខេត្តត្បូងឃ្មុំ ៖ សពបុរសម្នាក់សម្បុរសដែលសង្ស័យជាជនបរទេស ពុំស្គាល់អត្តសញ្ញាណនិងមានសភាពហើមស្អុយទៅហើយនោះ បានត្រូវក្រុមការងារចម្រុះសម្រេចបញ្ចុះកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅវត្តសមាធិ ក្នុងភូមិទួលអង្ក្រង ឃុំក្រែក ស្រុកពញាក្រែក ។
បើតាមពិនិត្យ គឺបុរសនេះស្លាប់ជាច្រើនថ្ងៃមកហើយ និងនៅមិនទាន់ដឹងថា តើករណីនេះជាអំពើឃាតកម្មបំបិទមាត់ ឬមួយក៏យ៉ាងណានោះទេ ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តាមពិតទៅសពបុរសម្នាក់នេះមានសភាពហើមស្អុយរលួយទៅហើយ និងត្រូវបានអ្នកស្រុកប្រទះឃើញនៅក្នុងព្រែកខាងត្បូងស្ពានអន្លង់រុន ឃុំកក់ ស្រុកពញាក្រែក កាលពីវេលាម៉ោងប្រមាណ២និង៣០នាទីសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។
ក្រោយពីការប្រទះឃើញសពនេះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរកសាច់ញាតិតាមភូមិ ស្រុកនានានៅក្នុងខេត្តត្បូងឃ្មុំ ប៉ុន្តែមិនមានគ្រួសារណាបាត់សមាជិកដែលមានភិនភាគដូចខាងលើទេ ។
ប្រភពដដែលឲ្យដឹងទៀតថា ក្រោយពីប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនេះ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅលោកស្នងការនគរបាលខេត្ត ហើយលោកស្នងការក៏បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ចក់ សុខកៅ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំសមត្ថកិច្ចជំនាញចុះធ្វើការស្រាវជ្រាវ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តផងដែរ ។
ក្រោយពីបានពិនិត្យ ធ្វើកោសល្យវិច័យ និងស្រាវជ្រាវមិនស្គាល់អត្តសញ្ញាណនោះ ទើបសម្រេចបង្កើតគណៈកម្មការចម្រុះបញ្ចុះសពនៅក្នុងបរិវេណវត្តសមាធិតែម្ដង នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា សពបុរសម្នាក់ដែលពុំស្គាល់អត្តសញ្ញានេះ អាចជាជនបរទេស និងត្រូវបានអ្នកស្រុកប្រទះឃើញក្នុងសភាពហើមទៅហើយនៅក្នុងទឹកព្រែក ។ តាមការពិនិត្យផ្ទាល់
គឺបុរសនេះស្លាប់ច្រើនថ្ងៃមកហើយ ព្រោះសពមានសភាពហើមស្អុយរលួយទៀតផង ។ នៅលើខ្លួនប្រាណសពពិបាកនឹងពិនិត្យស្លាកស្នាម ថាតើមានការពាក់ព័ន្ធនឹងបទល្មើសណាមួយ ឬក៏យ៉ាងណានៅឡើយទេ។ ដូច្នេះបើបងប្អូនក្រុមគ្រួសារណាបាត់សមាជិកមានភិនភាគដូចខាងលើនេះ អាចទាក់ទងមក់អធិការដ្ឋាននគរបាលស្រុកពញាក្រែកនោះនឹងដឹងព័ត៌មានច្បាស់ជាមិនខាន ៕


ចែករំលែកព័តមាននេះ