រាជធានីភ្នំពេញ ៖ យោងតាម Facebook ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ នេះបានសរសេរថា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា នៅពេលដែលខ្ញុំបានជួបសន្ទនាជាមួយ លោក Rory Mungoven អ្នកទទួលបន្ទុកសិទ្ធិមនុស្សនៅអាស៊ីប៉ាស៊ីហ្វិក ។ ខ្ញុំបានប្រាប់គាត់ថា ៖ ក្នុងពេលនៃការយារយី និងរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរពីកងទ័ពថៃ រាល់លិខិតបណ្តឹងដែលបានផ្ញើចេញទៅគ្រប់ស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្សទាំងអស់លើកលែងតែលោក វិទីត មួយគត់ដែលខ្ញុំមិនបានផ្ញើទៅគាត់ ។

ខ្ញុំមិនចង់ឲ្យគាត់មានការលំបាកក្នុងការងាររបស់គាត់បើទោះជាការងារនោះជាការងារឯករាជ្យដែលតែងតាំងដោយ UN ក៏ដោយ ក៏គាត់នៅតែជាជនជាតិថៃ ។ បើគាត់ហ៊ានថ្កោលទោសកងទ័ពថៃថា រំលោភសិទ្ធិមនុស្សនោះគាត់នឹងមិនអាចចូលស្រុកគាត់បានទេ ហើយប្រហែលជាក្រុមជ្រុលនិយមថៃ ឬទាហានថៃចោទគាត់ថា ជាជនក្បត់ជាតិ ។
តែខ្ញុំមានសំណូមពរមួយថា ពេលគាត់ចប់អាណត្តិ, សូម UN កុំតែងតាំងជាតិសាសន៍ដែលមានភូមិផងរបងជាមួយគ្នា ជាអ្នករាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជាឲ្យសោះ ពីព្រោះថ្ងៃណាមួយនឹងមានជម្លោះម្តងទៀតដែលធ្វើឲ្យពួកគាត់មានការលំបាក ។ ខ្ញុំក៏បានបង្ហាញពីការងាររបស់ខ្ញុំដោយគ្មានភាពរើសអើងទៅលើលោក វីទីត តែផ្ទុយទៅវិញ ខ្ញុំកោតសរសើរពីចំណេះ និងការងាររបស់គាត់ដែលយើងបានធ្វើការកន្លងមក ។ ហើយខ្ញុំសង្ឃឹមថា លោក វីទីត ម៉ុនតាប៊ន នឹងទទួលបានការងារកាន់តែប្រសើរថែមទៀត ក្នុងការជ្រោមជ្រែង ការពារ និងលើកស្ទួយក្នុងវិស័យសិទ្ធិមនុស្ស ។ គួរឲ្យស្តាយចំពោះធនធានមនុស្សដ៏ល្អជាច្រើននៅក្នុងប្រទេសថៃ ពិបាកនឹងបញ្ចេញចំណេះបម្រើប្រជាជាតិដោយសារ ភាពជ្រុលនិយមងប់ងល់ដោយអគតិរបស់ក្រុមមួយក្តាប់តូច និងទាហានថៃ ៕
ចែករំលែកព័តមាននេះ