ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំទើបតែដាក់ចេញយុទ្ធសាស្ត្រថ្មីដើម្បីទប់ស្កាត់មិនឱ្យកើតមានជម្លោះប្រដាប់អាវុធរវាងអាមេរិក និងចិនដោយសារបញ្ហាតៃវ៉ាន់ និងបញ្ហានៅសមុទ្រចិនខាងត្បូង។ នេះមិនមែនជាយុទ្ធសាស្ត្រដកថយដើម្បីសន្សំសុខទេ ប៉ុន្តែជាយុទ្ធសាស្ត្របង្ហាញសាច់ដុំទៅបច្ចាមិត្តដើម្បីកម្លាគ្នាទៅវិញទៅមក។ តាមរយៈយុទ្ធសាស្ត្រនេះ អាមេរិកនឹងខិតខំកសាងកម្លាំងយោធារបស់ខ្លួនផង និងរបស់សម្ព័ន្ធមិត្តខ្លួនផង។ នេះបើយោងតាមឯកសារស្ដីពីយុទ្ធសាស្ត្រដែលអ្នកសារព័ត៌មានទើបតែទទួលបានកាលពីពេលថ្មីៗនេះ។

នៅក្នុងសំណុំឯកសារដែលមានឈ្មោះថា «យុទ្ធសាស្ត្រសន្តិសុខជាតិ» រដ្ឋបាលរបស់លោកត្រាំបានដាក់ចេញវិធីដោះស្រាយជម្លោះការទូតដ៏រសើបបំផុតមួយនៅលើពិភពលោក។ ការដាក់ចេញយុទ្ធសាស្ត្រនេះក៏ស្របពេលដែលប្រទេសចិនបន្តដាក់សម្ពាធកាន់តែខ្លាំងទៅលើកោះតៃវ៉ាន់ និងជប៉ុនដោយដាក់ពង្រាយនាវាចម្បាំងយ៉ាងច្រើនសន្ធឹកសន្ធាប់នៅដែនសមុទ្រប៉ែកខាងអាស៊ីបូព៌ានៅសប្ដាហ៍នេះ។ នេះជាការបង្ហាញកម្លាំងកងទ័ពជើងទឹករបស់ចិនដ៏ធំបំផុតមិនធ្លាប់មានកាលពីមុនមក។ ឯកសារនោះសរសេររៀបរាប់ថាដើម្បីទប់ស្កាត់មិនឱ្យកើតមានជម្លោះ (រវាងអាមេរិក និងចិន) ដោយសារបញ្ហាតៃវ៉ាន់ វិធីដែលប្រសើរបំផុតគឺត្រូវកសាងកម្លាំងយោធាជាចំណុចអាទិភាព។

ក្រៅពីបញ្ហាតៃវ៉ាន់ដែលប្រទេសចិនចាត់ទុកថាជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន ប្រទេសចិនក៏មានជម្លោះបូរណភាពទឹកដីជាមួយប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ផងដែរពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ សព្វថ្ងៃនេះ អាមេរិកគ្មានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ទេ។ ប៉ុន្តែអាមេរិកក៏មិនដោះដៃចេញពីតៃវ៉ាន់នោះដែរ។ អាមេរិកបន្តផ្គត់ផ្គង់អាវុធគ្រប់ធុននៅក្នុងអ្វីដែលខ្លួនហៅថាដើម្បីឱ្យតៃវ៉ាន់មានសមត្ថភាពពេញលេញក្នុងការការពារខ្លួន។ អាមេរិកគាំទ្រការបង្រួបបង្រួមទឹកដីរបស់ប្រទេសចិន ប៉ុន្តែមិនគាំទ្រការប្រើប្រាស់កម្លាំងយោធាទេ។

ឯកសារថ្មីនេះនិយាយអំពីឈ្មោះកោះតៃវ៉ាន់ច្រើនជាងឯកសារកាលពីពេលលោកត្រាំកាន់អំណាចនៅអាណត្តិទី១។ កាលពីឆ្នាំ២០១៧ ឯកសារស្ដីពីយុទ្ធសាស្ត្រសន្តិសុខជាតិនិយាយអំពីឈ្មោះតៃវ៉ាន់៣ដង ខណៈដែលឯកសារថ្មីនេះនិយាយអំពីឈ្មោះតៃវ៉ាន់៨ដង។ ឯកសារនោះសរសេរថាអាមេរិកផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះតៃវ៉ាន់ព្រោះជាទីតាំងយុទ្ធសាស្ត្រសំខាន់ស្ថិតនៅលើដែនសមុទ្រដែលអំណោយផលខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្ម និងម៉្យាងទៀតតៃវ៉ាន់ជាកន្លែងផលិតបន្ទះឈីបដ៏ធំជាងគេនៅលើពិភពលោក។

ឯកសារនោះសរសេរបន្តទៀតថាយើងនឹងកសាងកម្លាំងយោធាដែលអាចទប់ស្កាត់អំពើឈ្លានពានឱ្យខាងតែបានចាប់ពីស្រឡាយកោះលាតសន្ធឹងពីប្រទេសជប៉ុនរហូតដល់តំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែយោធាអាមេរិកមិនអាច និងមិនគួររ៉ាប់រងធ្វើកិច្ចការនេះតែម្នាក់ឯងទេ។ ក្រុមសម្ព័ន្ធមិត្តរបស់យើងត្រូវតែខិតខំ (ពង្រឹងកម្លាំងយោធារបស់ពួកគេ) និងបង្កើនខ្ទង់ចំណាយឱ្យស្រុះដៃគ្នា។ រឹតតែសំខាន់ទៅទៀតនោះគឺត្រូវពង្រឹងសមត្ថភាពការពារខ្លួនជាសមូហភាព (ឬជាវិធានការសរុប)។ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ