រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស បានអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ មកសួរនាំបំភ្លឺជាបន្ទាន់ ក្រោយឃើញមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទថា លោកនាយប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដេញប្រជាពលរដ្ឋចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាល មិនជួយទទួលដោះស្រាយ ករណីជនជាតិចិន០១នាក់ ដេកលក់លើម៉ូតូកង់៣ (PassApp) របស់ខ្លួនមិនក្រោកនេះបើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា តាមណែនាំរបស់លោកស្នងការ ចំពោះមន្ត្រី ដែលបំពេញភារកិច្ច អនុវត្តការងារមិនបានត្រឹមត្រូវដោយគ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ និងបម្រើមិនល្អក៏ដូចជាប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ក្នុងករណីស្រាវជ្រាវរកឃើញមន្ត្រីនោះពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺនឹងប្រឈមទទួលរងវិន័របស់នគរបាលជាតិ ដោយមិនលើកលែងឡើយ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានឲ្យដឹងពីដំណើររឿងថា ៖ «នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទីព្រឹក មានអ្នករត់កង់បី (PassApp) ផ្លាកលេខ ភ្នំពេញ 1LF-4963 ពណ៌ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកកង់បីខាងលើ មកឈប់នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ហើយអ្នកបើកបរកង់បីនោះ បានចូលមករាយការណ៍ថា មានជនជាតិចិន ០១នាក់ បានដេកលក់នៅលើកង់បីរបស់គាត់ ហើយដាស់មិនងើប ពេលទទួលបានពត៌មាន មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បានដើរទៅមើលជនជាតិចិននោះ ក៏បានឃើញជនជាតិចិននោះ កំពុងដេកក្នុងកង់បី មន្ត្រីនគរបាល ក៏បានសួរទៅអ្នកបើកបរកង់បីនោះពីដំណើររឿង អ្នកបើកបរកង់បីនោះ បាននិយាយប្រាប់ថា នៅវេលាម៉ោងប្រហែល ៥:០០នាទីព្រឹក (ថ្ងៃដដែល) គាត់បានដឹកជនជាតិចិន នោះចេញពីការ៉ាស់សាំងតេលា រង្វង់មូល ព្រហ្មមុខបួន ជ្រោយចង្វារ ទៅផ្សារទំនើប អ៊ីអន ៣ ហើយដឹកមកវិញដល់ចំណុចរង្វង់មូល វិមានឯករាជ្យ ជនជាតិចិន នោះក៏បានដេក ដាស់មិនងើប គាត់ក៏ដឹកមកការ៉ាស់សាំងតេលា រង្វង់មូលព្រហ្មមុខបួន នោះវិញ ហើយសួរនាំអ្នកជិតៗនោះថា ជនជាតិចិននោះមកពីណា ? គេក៏ប្រាប់គាត់ថា ដឹកយកទៅប៉ុស្តិ៍ទៅ បន្ទាប់មកគាត់ក៏ដឹកជនជាតិចិននោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ។ មន្ត្រីនគរបាលម្នាក់ ក៏បានដាស់ជនជាតិចិននោះ តែគាត់មិនងើបឡើយ គ្រាន់តែបើកភ្នែកមើល ហើយស្រែកហឹះ! រួចក៏បិទភ្នែកដេកទៅវិញទៅ។ ក្រោយពីដាស់ជនជាតិចិននោះ មិនងើប មន្ត្រីប៉ុស្តិ៍ ក៏ចូលមកប៉ុស្តិ៍ហើយ រាយការណ៍ជូនលោកនាយប៉ុស្តិ៍ ខណៈនោះលោកនាយប៉ុស្តិ៍ ក៏ប្រាប់ឲ្យអ្នកបើកបរកង់បីនោះ ដឹកគាត់យកទៅពេទ្យទៅ ហើយបុរសនោះ ក៏ដឹកជនជាតិចិនចេញទៅបាត់ ទើបបន្ទាប់មក ឃើញបុរសអ្នករត់កង់៣ខាងលើ បានបង្ហោះព័ត៌មានតាមបណ្តាញសង្គម ចោទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដេញគាត់ចេញពីប៉ុស្តិ៍ មិនជួយទទួលដោះស្រាយករណីជនជាតិនោះ» ៕


ចែករំលែកព័តមាននេះ