ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្តន្ទាទោស​ចិន​៤​នាក់ ម្នាក់​ជាប់គុក​មួយ​​ជីវិត ២​នាក់​ម្នាក់​ៗ៣០​ឆ្នាំ និង​ម្នាក់​ទៀត២​ឆ្នាំ​កន្លះ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស  សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៥កន្លង​ទៅ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ចំនួន​៤​នាក់…

រាជធានី​ភ្នំពេញ ៖ លោក ស  សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៥កន្លង​ទៅ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀនក្នុង​នោះ​ម្នាក់​ជាប់គុក​មួយ​ជីវិត ២​នាក់​ជា​គុកម្នាក់​ៗ៣០​ឆ្នាំ និង​ម្នាក់​ទៀត​ជាប់គុក​២​ឆ្នាំ​កន្លះ ។

ជនជាប់ចោទ​ទាំង​៤​នាក់​នេះ សុទ្ធ​សឹង​ជា​ជនជាតិ​ចិនមាន ៖

១-​ឈ្មោះ GAO SHAN(​កូវ សាន​) ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥០០​លាន​រៀល ។ ២-​ឈ្មោះ WANG XIAO LONG(​វ័ង ស៊ែ​វ​ឡុ​ង​) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។ ៣-​ឈ្មោះ CHEN JIA PING (​ជិន ជា​ផឹង ) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ ទាំង​២​នាក់​នេះ សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់​ៗ៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុងម្នាក់​ៗ​ចំនួន ៣០០​លាន​រៀល ។

ជនជាប់ចោទ​ទាំង​៣​នាក់​ខាងលើ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា នៅ​ពេល​អនុវត្ត​ទោស​ចប់​ជា​ស្ថាពរ ។ ៤-​ឈ្មោះ TANG YU HAN ភេទ​ស្រី អាយុ​២៨​ឆ្នាំ សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦​លាន​រៀល និង​ហាមឃាត់​ចូល​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បណ្ដោះអាសន្ន ។

ជនជាតិ​ចិន​ទាំង​៤​នាក់​នេះ ជាប់ចោទ​ពី​បទ​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាន់កាប់​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ និង​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ ដល់​អំឡុង​ខែតុលា ឆ្នាំ​២០២៤បទល្មើស​ដែល​មាន​បញ្ញត្តិ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​៤០ និង​មាត្រា​៤៨ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន តាម​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំងការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ករណី​គ្រឿងញៀន ៖

-​គោលដៅ​ទី​១ ចំណុច​ចំណតរថយន្ត​ផ្សារ​ទំនើប បី Mall ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

-​គោលដៅ​ទី​២ នៅ​បន្ទប់​លេខ ០៩.១០ អគារ​ហ័​រ​យូ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ

ចំការមន រាជធានី​ភ្នំពេញ ។

-​គោលដៅ​ទី​៣ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤

នៅ​ចំណុច​ភោជនីយដ្ឋាន​ឆុង​ឈី​ង​ម៉ា​ថូ​ស៊ុប​ចិន តាម​ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

-​គោលដៅ​ទី​៤ នៅ​បន្ទប់​លេខ ១០.៣១ អគារ​ហ័​រ​យូ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​វត្ថុ​តាង នូវ​សារធាតុ​ដែល​មាន​តម្រុយ​ជា​គ្រឿងញៀនចំនួន​៧៩៩​កញ្ចប់ ទម្ងន់៩៣ ៨៣៤,២១​ក្រាម

ថ្នាំ​គ្រាប់​ចំនួន ៦ ២២៨​គ្រាប់ ទម្ងន់ ៧១៥,៤​ក្រាម ក​ញ្ហា​ក្រៀម​ចំនួន​២​ដុំ​ធំ ទម្ងន់ ២ ០៩៧,៣០ក្រាម បារី​កញ្ឆា ចំនួន ៣២៤​ដើម ទម្ងន់ ៣១៩,៥០ក្រាម គ្រាប់កាំភ្លើង​ចំនួន ១៦​គ្រាប់ និង​សម្បក​គ្រាប់​ចំនួន​៤ ព្រមទាំង​ភ័ស្តុតាង​មួយ​ចំនួន​ទៀតដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ