កូរ៉េខាងត្បូង-ថៃ ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAPថា តុលាការកំពូលកូរ៉េខាងត្បូងអះអាង នាថ្ងៃទី៤ ធ្នូ្ន ពីទោសដាក់គុកធ្ងន់ធ្ងរបំផុត បុរស៣នាក់ដែលបានសម្លាប់អ្នកទេសចរកូរ៉េខាងត្បូងម្នាក់ កាលពីឆ្នាំទៅមិញនៅប៉ាតាយ៉ាថៃ ដោយទោសពួកគេមានពីជាប់គុក២៥ឆ្នាំ ដល់អស់មួយជីវិត ។
តុលាការកំពូលកូរ៉េខាងត្បូងនៅរក្សាទោសដាក់គុកអស់មួយជីវិត និង៣០ឆ្នាំ ប្រឆាំងបុរស២នាក់ ដែលម្នាក់មានអាយុ២៨ឆ្នាំនិងម្នាក់ទៀត មានអាយុ៤០ឆ្នាំ ។ ទោសដាក់គុក២៥ឆ្នាំំត្រូវបានសម្រេចចំពោះបុរសម្នាក់អាយុ២៧ឆ្នាំ ពីបទប្លន់សម្លាប់ហើយលាក់សាកសព។ បុរសទាំង៣នាក់ទទួលការចោទប្រកាន់ពីបទវាយប្រហារនិងរិតកដល់ស្លាប់អ្នកទេសចរម្នាក់វ័យខ្ទង់៣០ឆ្នាំបន្ទាប់ពីលួចដាក់ថ្នាំសណ្ដំក្នុងភេសជ្ជៈនៅប៉ាតាយ៉ាប្រទេសថៃ កាលពីខែឧសភាឆ្នាំ២០២៤ ។
ពួកគេក៏ទទួលការចោទប្រកាន់ផងដែរថា យកសាកសពទៅដាក់ក្នុងធុងសាំងមួយ មុនពេលទម្លាក់ចូលក្នុងអាងទឹកមួយ។ បណ្ដាអ្នកស៊ើបអង្កេតរកឃើញថា ពួកគេស្ថិតក្នុងក្រុមរកស៊ីឆរបោកមុនពេលសម្រេចរកស៊ីប្លន់បណ្ដាអ្នកទេសចរកូរ៉េខាងត្បូង ។ ការស៊ើបអង្កេតបង្ហាញថា ពួកគេបានដកយកប្រាក់ពីគណនីធនាគារជនរងគ្រោះដោយប្រើទូរស័ព្ទដៃជនរងគ្រោះ រហូតដល់គំរាមសមាជិកគ្រួសារជនរងគ្រោះ ដើម្បីឲ្យទទួលបានប្រាក់ថែមទៀតបន្ទាប់ពីរូបគេស្លាប់ ។
កាលពីខែមករាតុលាការ សាលាដំបូងស្រុកឆាងវ៉ុន បានកាត់ទោសបុរសទាំង៣នាក់នោះ ម្នាក់ជាប់គុក២៥ឆ្នាំ ម្នាក់ទៀតជាប់គុក៣០ឆ្នាំ និងអ្នកទី៣ជាប់គុកអស់មួយជីវិត ។ ទោសនោះក្រោយមកត្រូវបានសាលាឧទ្ធរណ៍រក្សាដដែល៕
ចែករំលែកព័តមាននេះ