ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តកំពង់ឆ្នាំងចុះពិនិត្យដោះស្រាយ និងទប់ស្កាត់ជាបន្ទាន់ ករណីពុលត្រីតាមអូរធម្មជាតិ សង្ស័យមានការបំពុលទឹកពីការដ្ឋានរុករករ៉ែ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានក្រសួងបរិស្ថាន នៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ត្រីពាក់ព័ន្ធចុះប្រតិបត្តិការពិនិត្យវាយតម្លៃ និងចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានលើតំបន់ទឹកសាធារណៈ ក្រោយទទួលបានព័ត៌មានអំពីករណីត្រីងាប់ជាច្រើនក្បាលនៅក្នុងអូរធម្មជាតិក្នុងភូមិសាស្ត្រស្រុកទឹកផុស ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅតំបន់ខ្លុងពពក ឃុំជៀប និងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ករណីសង្ស័យបំពុលបរិស្ថានដែលបានបង្កឱ្យត្រីងាប់នេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅតាមអូរធម្មជាតិឈ្មោះអូរឫស្សី ដែលជាដៃអូរភ្ជាប់ទៅស្ទឹងជ្រាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។

ក្រុមការងារចម្រុះបានចុះទៅដល់ទីតាំងកើតហេតុ និងបានបន្តចុះពិនិត្យដល់ការដ្ឋានរបស់ ក្រុមហ៊ុនរុករករ៉ែលោហៈ Cambodian Xuan Yi Minerals Co., Ltd ដែលមានទីតាំងស្ថិតនៅក្បែរតំបន់អូរខាងលើ ដើម្បីប្រមូលព័ត៌មាន និងវាយតម្លៃលើលទ្ធភាពនៃការជាប់ពាក់ព័ន្ធណាមួយ ។ ជាមួយគ្នានេះ ក្រុមការងារបានសហការជាមួយអាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការជូនដំណឹង និងផ្សព្វផ្សាយជាបន្ទាន់ដល់ប្រជាពលរដ្ឋមូលដ្ឋាន អំពីហានិភ័យនៃការបំពុលទឹកអូរឫស្សី ។

ជាវិធានការបណ្តោះអាសន្ន អាជ្ញាធរបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើការប្រើប្រាស់ទឹកអូរសម្រាប់ជីវភាពប្រចាំថ្ងៃ និងហាមបរិភោគត្រីដែលចាប់បាននៅក្នុងទឹកអូរ ឬតំបន់ដែលពាក់ព័ន្ធទាំងអស់ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។ នេះគឺដើម្បីធានាសុវត្ថិភាព និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ។

ក្រុមការងារក្រសួងបរិស្ថានបាន និងកំពុងបន្តពិនិត្យទីតាំងរុករករ៉ែលោហៈខាងលើ ព្រមទាំងបានប្រមូលសំណាកទឹក និងសំណាកពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការវិភាគនៅមន្ទីរពិសោធន៍ ។ ការប្រមូលសំណាក និងធ្វើកំណត់ហេតុនេះ គឺមានគោលបំណងច្បាស់លាស់ដើម្បីវាយតម្លៃអំពីផលប៉ះពាល់បរិស្ថានជាក់ស្តែង កំណត់មូលហេតុពិតប្រាកដនៃការបំពុល និងត្រីងាប់នេះ។

ក្រោយពីទទួលបានលទ្ធផលវិភាគរួចរាល់ ក្រសួងបរិស្ថាននឹងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដោយមិនលើកលែងឡើយ ចំពោះជនបង្កការបំពុលណាមួយ ៕












ចែករំលែកព័តមាននេះ