រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ មានប្រជាពលរដ្ឋប្រុសស្រី៨នាក់ ដែលអះអាងថា ជាកូនតុងទីន បាននាំគ្នាជិះម៉ូតូ ទៅសាលាដំបូងរាជធានីភ្នំពេញ ចូលទៅប្តឹងដល់តុលាការ ចោទប្រកាន់មេតុងទីនម្នាក់ ពាក់ពន្ធករណីក្បត់ទំនុកចិត្ត ស៊ីដាច់ប្រាក់ពួកគាត់ប្រមាណជាង ៨ម៉ឺនដុល្លារអាមេរិក ហើយគេចខ្លួនបាត់ ។
ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាំង៨នាក់នោះ បានដាក់ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងចោទ ប្រកាន់ទៅលើឈ្មោះ គៀម ស្រី ហៅម៉ា ភេទស្រី អាយុ៦៥ ឆ្នាំមានគណនីហ្វេសប៊ុកឈ្មោះ “ចុងភៅ តាន់ហ្វត” អាសយដ្ឋាននៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ពីបទ.រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។
យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា ពួកគាត់នឹងឈ្មោះ គៀម ស្រី ហៅ ម៉ា ជាអ្នកស្គាល់រាប់អានគ្នាយូរឆ្នាំមកហើយ ហើយនៅអំឡុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ពួកគាត់ក៏បានចូលរួមលេងតុងទីនជាមួយឈ្មោះ គៀម ស្រី ហៅម៉ា ចំនួន៧៦ក្បាល ក្នុងមួយក្បាល១០០ដុល្លារ ដោយក្នុង១ខែ ដេញ២ដង នឹងតុងទីនមួយក្បាល៥០ដុល្លារ ក្នុង១ខែដេញ២ដង ចំណែកតុងទីនក្បាល២៥ ដុល្លារ ក្នុង១អាទិត្យដេញម្តង។ ពួកគាត់ទាំង៨នាក់ បានបង់ប្រាក់ឲ្យទៅមេតុងទីន ឈ្មោះ គៀម ស្រី ហៅ ម៉ា ជារៀង រាល់ពេលកំណត់ សរុបទឹកប្រាក់ទាំងអស់ ដែលបានបង់រួច មានចំនួន ៨១,១២៥ដុល្លារអាមេរិក ។ លុះនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាវេនកូនតុងទីនម្នាក់ ត្រូវដេញយកប្រាក់នោះ ទៅប្រើប្រាស់ ហើយក៏បានទាក់ទងទៅមេតុងទីនឈ្មោះ គៀម ស្រី ហៅ ម៉ា តែបែរជាមិនលើកទូរសព្ទ ថែមទាំងគេចខ្លួនបាត់ទៀត។ ដោយមើលឃើញទង្វើ និងសកម្មភាពទុច្ចរិតរបស់មេតុងទីនឈ្មោះ គៀម ស្រី ហៅ ម៉ា យ៉ាងដូច្នេះ ពួកគាត់បានសម្រេចចិត្ត នាំគ្នាមកដាក់ពាក្យបណ្តឹងនៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យជួយចាត់ការលើបុគ្គលជាមេតុងទីនរូបនេះ ទៅតាមផ្លូវច្បាប់ ។
ដែលក្នុងនោះពួកគាត់មានសំណូមពរ ៣ ចំណុច ៖
១.ស្នើសុំផ្តន្ទាទោសឈ្មោះ គៀម ស្រី ហៅម៉ា តាមច្បាប់កំណត់។
២.បង្គាប់ឲ្យឈ្មោះ គៀម ស្រី ហៅ ម៉ា សងប្រាក់ដើម ជម្ងឺចិត្តនិងការខាតបង់ពេលវេលា ត្រឡប់ឲ្យទៅពួកគាត់កូនតុងទីនវិញ ។
៣.ស្នើសុំទាំទារប្រាក់ សំណងជំងឺចិត្ត និងការខូចខាតផ្នែកកិត្តិយស ក៏ដូចជាពេលវេលា មកឲ្យដើមបណ្តឹងទាំងអស់សរុបចំនួន ៤៧ ៣៥០ ដុល្លារអាមេរិក ៕




ចែករំលែកព័តមាននេះ