រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី៤ដល់៦ ខែធ្នូ ឆ្នាំ២០២៥ នឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ដូច្នេះសូមប្រុងប្រយ័ត្ន ។
យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥បានឲ្យដឹងថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី ។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្រប់ដណ្តប់១៥% ចំណែកខេត្តបន្ទាយមានជ័យពុំមានភ្លៀងធ្លាក់ទេ ។
ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រវិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០% ចំណែកខេត្តឧត្តរមានជ័យពុំមានភ្លៀងធ្លាក់ទេ ។
ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី១០%។រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិ បរមា១,៥០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ