ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដោយសារបានប្រទះឃើញត្រីជាច្រើនបានងាប់អណ្ដែតពេញទឹកអូរមួយកន្លែង សង្ស័យទឹកអូរមានជាតិពុល ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៦ នៅចំណុច អូរឬស្សី ដែលមានទីតាំងនៅភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បន្ទាប់ពីការប្រទះឃើញត្រីងាប់ច្រើនបែបនេះ រដ្ឋបាលស្រុកទឹកផុសបានធ្វើសេចក្តីជូនដំណឹងតាមផេកផ្លូវការរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្លាចគ្រោះថ្នាក់ដោយសារបរិភោគត្រី នឹងផ្អាកជាបណ្ដោះអាសន្នដល់សត្វពាហារៈរបស់ខ្លួនហាមផឹកទឹក សង្ស័យមានជាតិពុល នៅតំបន់នោះ។
លោត សូត្រ សង់ អភិបាលស្រុកទឹកផុស បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ និងបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅជិតនោះ ដែលមានប្រើប្រាស់ទឹកអូរ ក្នុងភូមិស្រែរបង ភូមិព្រែកតាំងធ្នង់ និងភូមិបឹងស្ទេង ស្ថិតនៅក្នុងឃុំជៀប ភូមិក្រោយវត្ត ភូមិត្រពាំងក្របៅ ក្នុងឃុំខ្លុងពពក សូមមេត្តាផ្អាកការប្រើប្រាស់ទឹក ការពារសត្វចិញ្ចឹម គោ ក្របី ជ្រូក មាន់ ទាកុំអោយ ចុះផឹកទឹកអូរ និងទឹកបឹងនៅជិតនោះជាបណ្ដោះអាសន្ន លុះត្រាទទួលបានព័ត៌មានបញ្ជាក់ពីមន្ទីរពិសោធន៍ ដែលក្រុមការងារជំនាញបានយកទឹកទៅធ្វើការពិសោធន៍រកសារធាតុពុលសិន ៕




ចែករំលែកព័តមាននេះ