ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​»

8 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​បន្សាប​ឥទ្ធិពល​អវិជ្ជមាន​ពី​ក្រុម​បង្កើត​ព័ត៌មាន​ក្លែងក្លាយ និង​អ្នកធ្វើ​​មាតិ​កា​ក្លែងបន្លំ​សភាពការណ៍​នានា​ក្នុង​មូលដ្ឋាន អាជ្ញាធរ​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ បាន​រៀបចំ​យុ​ទ្ឋ​នា​ការ​«​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​»…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​បន្សាប​ឥទ្ធិពល​អវិជ្ជមាន​ពី​ក្រុម​បង្កើត​ព័ត៌មាន​ក្លែងក្លាយ និង​អ្នកធ្វើ​​មាតិ​កា​ក្លែងបន្លំ​សភាពការណ៍​នានា​ក្នុង​មូលដ្ឋាន អាជ្ញាធរ​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ បាន​រៀបចំ​យុ​ទ្ឋ​នា​ការ​«​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ដោយ​មានការ​ផ្សព្វផ្សាយ​ពាក្យស្លោក និង​ដង្ហែ​ក្បួន​មហាជន​តាម​ទី​សាធារណៈ ។

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​សែន​មនោ​រម្យ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ មន្ត្រីរាជការ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ស្ថាប័ន​វិស័យ​ឯកជន ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ប្រមាណ​២០០​នាក់ ។​

លោក ហ៊ា​ញ ប៊ុ​ណ្ណា អភិបាលរង​ខេត្ត មាន​ប្រសាសន៍​ថា ក្នុង​បរិបទ​នៃ​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​បច្ចេកវិទ្យា ការ​ទទួល​និង​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ទំនើប ប្រព័ន្ធ​ឌី​ជី​ថ​ល បណ្តាញ​ទំនាក់ទំនង​សង្គម បាន​កើន​ឡើងជា​លំដាប់ ហើយ​គ្រោះថ្នាក់​នៃ​ព័ត៌មាន​ក្លែងក្លាយ​រឹតតែ​មាន​លក្ខណៈ​ស្រួចស្រាល់​ឡើង ។

បរិការណ៍​នេះ ទាមទារ​ឱ្យ​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់ ឬ អ្នក​ផលិត​ព័ត៌មាន ឬ ចែកចាយ​ព័ត៌មាន យល់​ដឹង​ឲ្យ​បាន​ច្បាស់​អំពី​ផលវិបាក​នៃ​ព័ត៌មាន​ក្លែងក្លាយ ហើយ​ចេះ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ប្រកបដោយ​ការ​ទទួលខុសត្រូវ ពិសេស​មុន​នឹង​ចែកចាយ​ព័ត៌មាន​ណាមួយ ត្រូវ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ទាំងនោះ​ជា​មុន​សិន ។


លោក​អភិបាលរង​ខេត្ត​បន្ត​ថា ពលរដ្ឋ​ឌី​ជី​ថ​ល ត្រូវ​ស្វែង​យល់​បន្ថែម​ពី​របៀប​ក្នុង​ការ​កំណ​ត់​អត្តសញ្ញាណ​ព័ត៌មាន​ក្លែងក្លាយ វិធានការ​ទប់ស្កាត់ ការ​រីកសាយ​ភាយ និង​ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ ។ ត្រូវ​ចូលរួម​បំផុស​ការ​បង្កើត​ទម្លាប់​ប្រើប្រាស់​បណ្តាញ​សង្គម​ដោយ​ការ​ទទួលខុសត្រូវ ដោយ​ផ្សព្វផ្សាយ​ត​គ្នា​អំពី​វិធានការ​សុវត្ថិភាព​ឌី​ជី​ថ​ល ភាព​ចាំបាច់ និង​របៀប​ក្នុង​ការ​បង្ការ​ហានិភ័យ និង​សកម្មភាព​នានា​ចាំបាច់ ក្នុង​ការ​ធានា​សុវត្ថិភាព​ព័ត៌មាន​ក្នុង​សង្គម​រស់នៅ ។


លោក ហ៊ា​ញ ប៊ុ​ណ្ណា បាន​សង្កត់ធ្ងន់​ថា ពលរដ្ឋ​ក្នុង​សហគមន៍ អ្នក​សារព័ត៌មាន អ្នកមាន​ឥទ្ធិពល និង​បង្កើត​មាតិកា​លើ​បណ្តាញ​សង្គម យុវជន មន្ត្រីរាជការ អាជីវករ និង​ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ត្រូវ​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដោយ​ប្រកាន់ខ្ជាប់​ទម្លាប់​ល្អ​គឺ ការ​បង្កើត ចែកចាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​ប្រភព​ច្បាស់លាស់ និង​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ត្រឹមត្រូវ ។​

លោក សុ​ន សា​រឿ​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​របស់​មន្ទីរ​បាន​សស្រាក់សស្រាំ​ធ្វើ​ការងារ​កាន់តែ​សកម្ម​ទៅ​លើ​ការ​គាំទ្រ​ដល់​គណៈ​បញ្ជាការ​ឯកភាព និង​រដ្ឋបាល​ខេត្ត លើ​ការងារ​គ្រប់គ្រង​សាធារណ​មតិ គ្រប់គ្រង​ព័ត៌មាន និង​សាធារណ​មតិ​មហាជន ដោយ​តាមដាន​ព័ត៌មាន ធ្វើការ​ឆ្លើយ​តប បកស្រាយ ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល រួម​ទាំង​ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ ។ ជា​ពិសេស បាន​ទប់ស្កាត់ និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ទាន់​ពេលវេលា​ជា​ច្រើន​ករណី​នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ