រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ និងខ្មែរម្នាក់ នៅក្នុងខណ្ឌចំការមន និងខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន៥គោលដៅផ្សេងៗគ្នា ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំប្រមាណជិត៤០គីឡូក្រាម ។

ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន ។
ប្រតិបត្ដិការនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១និង៤០នាទី ដោយកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីផលិត កែច្នៃ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំនួន៥គោលដៅ ។
វត្ថុតាងចាប់យកបានរួមមានសារធាតុញៀនប្រភេទកូកាអុីន (Cocaine) ទម្ងន់ ១២,១៧៤.៨៩ក្រាម ។សារធាតុញៀនប្រភេទ អុិចស្ត្រាស៊ី (MDMA) ទម្ងន់៥,៨២១.៥៨ក្រាម ។
សារធាតុញៀនប្រភេទរុក្ខជាតិក្រៀម (កញ្ចា) ទម្ងន់ ៤៧៥.៤២ក្រាម និងសារធាតុគីមីផ្សំទម្ងន់ ២២,៨៨៤ក្រាម ។
សរុបរួមសារធាតុញៀនទម្ងន់ ១៧គីឡូក្រាម ៩៩៦,៤៧ក្រាម ។
សរុបរួមសារធាតុគីមីផ្សំទម្ងន់ ២២គីឡូ ក្រាម ៨៨៤ក្រាម ។
សម្ភារៈចាប់យកមាន ឧបករណ៍សម្រាប់ផលិតនិងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀត ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ