ប្រទេសជប៉ុន ៖ ព្រិលធ្លាក់ខ្លាំងបំផុតពុំធ្លាប់មានពីមុនមក បណ្ដាលឲ្យមនុស្សស្លាប់ដល់៣០នាក់នៅជប៉ុន រយៈពេល២សប្ដាហ៍ចុងក្រោយនេះ ក្នុងនោះសាកសពនារីម្នាក់អាយុ៩១ឆ្នាំ រកឃើញកប់ក្នុងព្រិលនៅមុខផ្ទះរបស់គាត់។ នេះបើតាមសេចក្ដីរាយការណ៍កាលពីថ្ងៃទី៣ មីនា របស់អាជ្ញាធរ។
រដ្ឋាភិបាលជប៉ុនបានដាក់ពង្រាយកងទាហាន ដើម្បីជួយប្រជាជនក្នុងខេត្តអាអូម៉ូរី ដែលរងការប៉ះពាល់ខ្លាំងជាងគេ ដោយនៅទីនោះគំនរព្រិលមានដល់កម្រាស់់៤,៥ម៉ែត្រនៅលើដី ក្នុងតំបន់ដាច់ស្រយាលមួយចំនួន ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីសាណាអ៉ីតាកាអ៉ីជី បានកោះប្រជុំវិសាមញ្ញមួយរបស់រដ្ឋាភិបាល ដើម្បីស្នើដល់រដ្ឋមន្ត្រីទាំងឡាយឲ្យយកចិត្តទុកដាក់ក្នុងការការពារអាយុជីវិតមនុស្ស ។ រលកខ្យល់ត្រជាក់ខ្លាំង នាំឲ្យមានការធ្លាក់ព្រិលច្រើនបំផុតរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តាមបណ្ដោយឆ្នេរសមុទ្រជប៉ុនដោយនៅតំបន់មួយចំនួនព្រិលបានធ្លាក់ច្រើនលើសពីធម្មតាដល់២
ដង ។
តាមទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្ត្តរាយជប៉ុនថា ចាប់ពីថ្ងៃទី២០ មករា ដល់ថ្ងៃទី៣
មីនា មនុស្ស៣០នាក់បានត្រូវស្លាប់មកពីព្រិលធ្លាក់ខ្លាំង ។ អភិបាលខេត្តអាអូម៉ូរី លោកសូអ៉ីជីរ៉ូមីយ៉ាស៊ីតា ថ្លែងកាលពីថ្ងៃទី២ មីនា ថា លោកបានស្នើដល់កងទ័ពឲ្យជួយ ក្នុងករណីមានគ្រោះមហន្តរាយ និងជួយបណ្ដាមនុស្សចាស់ក្នុងការចូកព្រិលចេញពីមុខផ្ទះពួកគាត់ ៕ ប្រភព៖ fr.news.yahoo.com
ចែករំលែកព័តមាននេះ