ចិន-បារាំង ៖ ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុង មកដល់ក្រុងប៉េកាំង នាថ្ងៃទី ៣ ធ្នូ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃនៅចិន ដែលផ្ដោតការពិភាក្សាលើបញ្ហាពាណិជ្ជកម្ម និងការទូត ។ ប្រធានាធិបតីបារាំងស្វែងរកឲ្យទទួលបានការគាំទ្ររបស់ក្រុងប៉េកាំង ដើម្បីគាបសង្កត់លើរុស្ស៊ីឲ្យសម្រេចបានបទឈប់បាញ់គ្នាមួយជាមួយអ៊ុយក្រែន ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកម៉ាក្រុងនឹងការពារកម្មវីធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សំដៅបង្កើតតុល្យភាពដែលធានាដល់កំណើនស្ថិតស្ថេរនិងរឹងមាំ ដែលផ្ដល់ប្រយោជន៍ដល់គ្រប់គ្នា ។ នេះបើតាមការលើកឡើងរបស់ខុន្ទកាល័យលោកម៉ាក្រុង។ បារាំងចង់ទាក់ទាញថែមទៀតការវិនិយោគរបស់បណ្ដាសហគ្រាសចិន និងសម្រួលការនាំចេញរបស់ខ្លួនមកកាន់ទីផ្សារចិន។ អំឡុងពេលទស្សនកិច្ចនោះ តំណាងរបស់ប្រទេសទាំង២ ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ក្នុងផ្នែកថាមពលកសិកម្មស្បៀង និងយន្តហោះ ។
បារាំង និងសហភាពអឺរ៉ុបចាត់ទុកចិនថា ជាដៃគូនិងជាគូប្រជែង។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចិននិងសហភាពអឹរ៉ុបជួបប្រទះទំនាស់គ្នាខាងពាណិជ្ជកម្មក្នុងផ្នែកជាច្រើន ក្រោយការស៊ើបអង្កេតរបស់សហភាពអឹរ៉ុបលើឧបត្ថម្ភធនរបស់ចិនដល់វិស័យរថយន្តអគ្គិសនី។ ចិនបានតបតវិញ ដោយប្រកាសពីការស៊ើបអង្កេតលើការបនាំចូលBRANDY ជ្រូកនិងផលិតផលទឹកដោះគោអឺរ៉ុប ។
ការពិភាក្សាគ្នារវាងលោកម៉ាក្រុងនិងសមភាគីចិនលោកស៊ីជីនពីងក៏ផ្ដោតដែរលើសង្គ្រាមនៅអ៊ុយក្រែន ។ តាមអ្នកការទូតជាន់ខ្ពស់មួយរូបរបស់បារាំងថា អ្វីដែលយើងចង់បាននោះគឺចិនអាចបញ្ចុះបញ្ចូល និងប្រើឥទ្ធិពលលើរុស្ស៊ីឲ្យព្រមទទួលយកក្នុងពេលដ៏ឆាប់នួវបទឈប់បាញ់គ្នាមួយ ៕
ចែករំលែកព័តមាននេះ