ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹង​មាំ

6 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​ ។

ក្នុង​ឱកាស​នៃ​ជំនួប​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិ​បតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ឱកាស​នេះ​ ។

ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​របស់​កម្ពុជា នា​ពេល​កន្លង​មក និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្ដេច​បវរ​ធិ​បតី កម្ពុជា​នឹង​បន្ត​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មី​ៗ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។ ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​វៀតណាម​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អ​ប្រសើរ​លើ​គ្រប់​វិស័យ​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​ ការ​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​គ្រប់​កម្រិត​របស់​គណៈប្រតិភូ នៃ​ប្រទេស​ទាំង​ពីរ បាន​រួមចំណែក​ដល់​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹង​មាំ និង​រីក​ចម្រើន​បន្ថែម​ទៀត​ ។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ និង​ស្វាគមន៍​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ឱកាស​នេះ ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ សម្ដេច​បវរ​ធិ​បតី បាន​សម្តែង​ការ​ចូលរួម​មរណទុក្ខ​ជាមួយ​រដ្ឋាភិបាល និង ប្រជាជន​វៀតណាម ចំពោះ​ការ​បាត់​បង់ជីវិត និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​វៀតណាម ដែល​បណ្តាល​មក​ពី​គ្រោះ​ទឹកជំនន់ នា​ពេល​ថ្មី​ៗ​នេះ​ ។
សម្ដេច​បវរ​ធិ​បតី​ ក៏​បាន​គូសបញ្ជាក់​ដោយ​ការ​ពេញចិត្ត និង​រីករាយ​ចំពោះ​វឌ្ឍនភាព​ដ៏​ល្អ នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រមទាំង បានលើ​ក​ទឹកចិត្ត​ដល់​ក្រសួង-​ស្ថាប័ន និងអាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ​នៃ​ប្រទេស​ទាំង​ពីរ បន្ត​ជំរុញ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ជាមួយ​គ្នា​ឱ្យ​កាន់តែ​ល្អ​ប្រ​សើ​រ​បន្ថែម​ទៀត ព្រមទាំង​ប្រែក្លាយ​តំបន់​ព្រំដែន ជា​ព្រំដែន​សន្តិភាព មិត្តភាព និងវិបុលភាព ​។

សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ពិភាក្សា​គ្នា​អំពី​ការ​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​វៀតណាម ឱ្យ​កាន់តែ​រឹង​មាំ លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន ជា​អាទិ៍​៖ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ការពារ​ជាតិ និង​សន្តិសុខ​ អប់រំ សុខាភិបាល​ វប្បធម៌​, ទេសចរណ៍​ ក៏​ដូច​ជា​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ នៃ​ប្រទេស​ទាំង​ពីរ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ