ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុង​ជ្រោយ​ស្តី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស រវាង​​រដ្ឋ​សមាជិកសមាគម​អាស៊ី​អាគ្នេយ៍​និង​សហ​ភាព​អឺរ៉ុប

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​ស្តី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​រវាង​រដ្ឋ​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក​របស់​ខ្លួន ។ កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាពសម្តេច​ធិ​បតី…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​ស្តី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​រវាង​រដ្ឋ​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក​របស់​ខ្លួន ។

កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាពសម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កិច្ចព្រមព្រៀង​នេះ​មាន​ចំនួន ៣៤​មាត្រា និង​ភ្ជាប់​ដោយ​ឧ​ប​សម្ព័ន្ធ​ចំនួន​១ ដែល​មាន​១៥​មាត្រា ត្រូវ​បាន​ផ្តួចផ្តើម​និង​រៀបចំ​ឡើង​ដោយ​ស្ថាប័ន​ទទួល​បន្ទុក​វិស័យ​អាកាសចរណ៍​ស៊ី​វិល​នៃ​រដ្ឋ​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សហភាព​អឺរ៉ុប​ចាប់ពី​ឆ្នាំ​២០១៦ ។

តាម​រយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​ដែល​ជា​រដ្ឋ​សមាជិក​អាស៊ាន​នឹង​ទទួល​បាន​អត្ថប្រយោជន៍ រួម​មាន (១) បង្ហាញ​ពី​សុច្ឆន្ទៈ​ល្អ​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​របស់​កម្ពុជា​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន និង​រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប ក្នុង​វិស័យ​អាកាសចរណ៍​ស៊ី​វិល ព្រមទាំង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ (២) ជំរុញ​ការ​ទាក់ទាញ​វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និង​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​តំបន់​ទាំង​ពីរ (៣) ជំរុញ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​និង​អន្តរជាតិ ដើម្បី​រៀបចំ​ផែនការ​ហោះហើរ​របស់​ខ្លួន​លើ​ដំណាក់​ផ្លូវ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប តាម​រយៈ​ជើងហោះហើរ​ដោយ​អនុវត្ត​សិទ្ធិ​ហោះហើរ​ទី​៣ ទី​៤ ទី​៥ និង​កិច្ចសហការ​ជើងហោះហើរ ក្នុង​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​និង​ទំនិញ​តាម​ផ្លូវអាកាស​អន្តរជាតិ (៤)

បង្ហាញ​ការ​ធានា​បាន​សុវត្ថិភាព​និង​សន្តិសុខ​អាកាសចរណ៍​កម្រិត​ខ្ពស់​បំផុត​នៅ​កម្ពុជា​ជាមួយនឹង​ប្រទេស​ជា​ដៃគូ​របស់​ខ្លួន (៥) ធានា​បាន​តម្លាភាព​ក្នុង​ការ​ប្រកួតប្រជែង​ស្មើភាព​ជូន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​តំបន់​អាស៊ាន​និង​សហភាព​អឺរ៉ុប និង​(៦) បង្កើន​កិច្ច​សម្រួលការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​អន្តរជាតិ​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព ផាសុកភាព ប្រើប្រាស់​រយៈពេល​ខ្លី និង​ចំណាយ​តិច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​តំបន់​អាស៊ាន​និង​តំបន់​សហភាព​អឺរ៉ុប ។

កិច្ចព្រមព្រៀង​នេះ គឺជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​រវាង​អាស៊ាន​និង​សហភាព​អឺរ៉ុប សម្រាប់​វិស័យ​អាកាសចរណ៍​ស៊ី​វិល ដើម្បី​បម្រើ​ឱ្យ​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​អន្តរជាតិ ដែល​តំណាង​ឱ្យ ៣៧​ប្រទេស រួម​មាន អាស៊ាន ១០​ប្រទេស និង​សហភាព​អឺរ៉ុប​២៧​ប្រទេស ហើយ​មាន​លក្ខណៈ​ទូលំទូលាយ និង​បើកចំហរ​ទីផ្សារ​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​អន្តរជាតិ​។ មក​ដល់​ពេល​បច្ចុប្បន្ន កិច្ចព្រមព្រៀង​នេះ​មាន​រដ្ឋ​ភាគី​ចំនួន ១៤​ប្រទេស បាន​ផ្តល់​សច្ចាប័ន​រួច​ហើយ ដែល​ក្នុង​នោះ រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ១២​ប្រទេស រួម​មាន ឆែក អេ​ស្តូ​នី អៀរ​ឡង់ អេ​ស្ប៉ា​ញ បារាំង លី​ទុ​យ​អា​នី លុ​ច​សំបួ ហុង​គ្រី អូ​ទ្រី​ស រូ​ម៉ា​នី ស្លូ​វេ​នី និង​ស្លូ​វ៉ា​គី ហើយ​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន​២​ប្រទេស រួម​មាន ឡាវ និង​សិង្ហ​បុរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ