ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ នឹង​រៀបចំ​ពិព័រណ៍​ការងារ នៅខេត្តសៀមរាប ​ថ្ងៃ​ទី ​៦-៧ ខែធ្នូ ដោយ​នាំ​យកឱកាស​ការងារ​រាប់​ម៉ឺន​កន្លែងជូន​​អតីត​ពលករ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី ៦-៧…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី ៦-៧ ខែធ្នូ ឆ្នាំ ២០២៥ ខាង​មុខ​នេះ ដោយ​នាំ​យក​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង ជូន​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ។ បន្ថែម​លើ​នេះ អ្នកចូលរួម​ក៏​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ក៏​ដូច​ជា​ទទួល​បាន​ព័ត៌មាន​អំពី​អត្ថប្រយោជន៍ ប​.​ស​.​ស​.​។

សម្រាប់​ពិព័រណ៍​ការងារ​នេះ នឹង​ត្រូវ​រៀបចំ​នា​ថ្ងៃ​សៅរ៍ ទី ៦ ខែធ្នូ ឆ្នាំ ២០២៥ នៅ​បរិវេណ​សាលា​បឋម​សិក្សា សម្តេច ហ៊ុន សែន រណសិរ្ស​ត្រី​ភូមិ ស្រុក​សូទ្រនិគម និង​នា​ថ្ងៃអាទិត្យ ទី ៧ ខែធ្នូ ឆ្នាំ ២០២៥ នៅ​បរិវេណ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ស្រុក​ពួក ។ ចំពោះ​បងប្អូន​អតីត​ពលករ​ដែល​មាន​បំណង​ស្វែងរក​ការងារ នឹង​ទទួល​បានការ​ដឹក​ជញ្ជូន​ចូលរួម​កម្មវិធី អាវយឺត​ដ៏​ស្រស់​ស្អាត អាហារ ភេសជ្ជៈ កាហ្វេ និង​ទទួល​បានការ​កាត់សក់​ពី​ជាង​ជំនាញ ដោយ​ឥត​គិតថ្លៃ ។

បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​ស្វែងរក​ការងារ នៅ​ខេត្តសៀមរាប អាច​ដាក់​ពាក្យ និង​សម្ភាស​ការងារ​ភ្លាម​ៗ​ផ្ទាល់​នៅ​ទីតាំង​ចំនួន ២ ខាងលើ​នេះ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​ល្ងាច ដោយ​មាន​សហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅ​ជ្រើសរើស​បុគ្គលិក និង​កម្មករ​ដោយ​ផ្ទាល់ ។

គួរ​ឱ្យ​ដឹង​ថា ក្នុង​ខែវិច្ឆិកា​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន ២​ខេត្ត​រួច​មក​ហើយ គឺ​នៅ​ខេត្តបាត់ដំបង ពី​ថ្ងៃ​ទី ១៥-១៦ ខែវិច្ឆិកា នៅ​ស្រុក​ថ្មគោល និង​ស្រុក​មោងឫស្សី ។ រីឯ​នៅ​ខេត្តបន្ទាយមានជ័យ ពី​ថ្ងៃ​ទី ២៣-២៣ ក្នុងស្រុក​មង្គល​បូ​រី និង​ស្រុក​ព្រះនេត្រព្រះ ។ សរុប​លទ្ធផល​ទាំង ២ ខេត្ត​នេះ មាន​អ្នកចូលរួម​ជិត ៥​ពាន់​នាក់ ហើយ​មាន​អ្នក​ជាប់​ការងារ (​បឋម​) ចំនួន ១ ៥៧៧​នាក់ ៕