រាជធានីភ្នំពេញ ៖ ភ្នំពេញ គឺជារាជធានី ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាទីក្រុង ដែលមានសោភ័ណ្ឌភាព មានសណ្ដាប់ធ្នាប់ល្អ ជាទីក្រុងមានភាពវៃឆ្លាត។ ក្រុងម៉ាណដាលូយ៉ុង (Mandaluyong) នៃសាធារណរដ្ឋហ្វ៊ីលីពីន នឹងសិក្សារៀនសូត្រពីរាជធានីភ្នំពេញ លើការរៀបចំក្រុង ពិសេសគឺការរៀបចំសណ្ដាប់ធ្នាប់ នៃការកាត់ខ្សែកាប្លិ៍អុបទិក ខ្សែអ៊ីនធើណេតពីលើអាកាស ទៅដាក់ក្រោមដី នេះជាការលើកឡើងរបស់លោក ជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស ( Carmelita ” Menchie ” Aguilar Abalos ) អភិបាលក្រុងម៉ាណដាលូយ៉ុង Mandaluyong នៃសាធារណរដ្ឋហ្វ៊ីលីពីន ក្នុងឱកាសលោកជំទាវជំនួបសម្ដែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ។
លោកជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស បានមានប្រសាសន៍ថា ទីក្រុងម៉ាណដាលូយ៉ុង របស់លោកជំទាវ ជាទីក្រុងតូច តែជាទីក្រុង ដែលបានជាប់ចំណាត់ថ្នាក់លេខ២ នៅប្រទេសហ្វីលីពីន មានទំហំត្រឹមតែ ២២,២៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅអចិន្ត្រៃយ៍ ត្រឹមតែ៤៥ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែទីក្រុងមួយនេះ មានប្រជាពលរដ្ឋចេញ ចូលរកស៊ី រហូតទៅដល់២លាន៣សែននាក់ ដែលចំនួននេះ ប្រហាក់ប្រហែល និងរាជធានីភ្នំពេញដែរ ។
លោកជំទាវ បានបញ្ជាក់ថា ការមកបំពេញទស្សនកិច្ច និងសម្ដែងការគួរសម នាពេលនេះ មានគោលបំណងចង់សិក្សារៀនសូត្រ ពីរាជធានីភ្នំពេញ លើការរៀបចំក្រុង ពិសេសគឺការកាត់ខ្សែកាប្លិ៍ ខ្សែអុបទិក ខ្សែអ៊ីនធើណេត ពីលើអាកាសទៅដាក់ក្រោមដី។ នេះជាគំរូដ៏ល្អរបស់រាជធានីភ្នំពេញ ដែលនាំឲ្យរាជធានីមួយនេះមានភាពស្រស់ស្អាត និងឆ្លាតវៃ។ ការមកបំពេញទស្សនកិច្ច និងសិក្សាស្វែងយល់ រៀនសូត្រពីរាជធានីភ្នំពេញ វាមិនគ្រាន់តែជាការផ្សារភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្សាភ្ជាប់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមកថែមទៀត ។
លោកជំទាវបន្តថា គំរូដ៏ល្អរបស់រាជធានីភ្នំពេញ ដែលកាត់ខ្សែកាប្លិ៍ ដាក់ទៅក្រោមដី វាមិនត្រឹមតែលើកសោភ័ណភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែវាបានកាត់បន្ថយ នូវគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ថែមទៀតផង។ ក្រោយការសិក្សា រៀនសូត្រ ពីរាជធានីភ្នំពេញ ទីក្រុងម៉ាណដាលូយ៉ុង និងមានភាពស្រស់ស្អាតមានសោភ័ណភាព ជាទីក្រុង ដែលមានភាពវ័យឆ្លាត ដូចទីក្រុងភ្នំពេញដែរ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីភូមិសាស្ត្រ ក៏ដូចជាប្រវត្តិ នៃការកកើតរបស់រាជធានីភ្នំពេញ។ ទីក្រុងភ្នំពេញ ជាទីក្រុង ដែលមានប្រវត្តិដ៏សែនជូរចត់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយវាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងរបស់រាជធានីភ្នំពេញ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យ ប្រទេសមួយនេះ មានអាការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ ។
លោក ឃួង ស្រេង បានបន្តថា រាជធានីភ្នំពេញ មិនបានទទួលរងនៅការជនលិចដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនោះទេ ទាំងនេះគឺដោយសារយើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូក្រោមដីល្អ ហើយគួបផ្សំ និងស្ថានភាពភូមិសាស្ត្ររបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរ អំណោយផលផងដែរនោះ ទើបមិនបណ្ដាលឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដូចប្រទេសក្បែរខាងរបស់កម្ពុជា ។
លោក ឃួង ស្រេង ក៏បានបន្តទៀតថា រាជធានីភ្នំពេញ មានតំបន់ទេសចរណ៍ជាច្រើន ហើយនៅពេលថ្មីៗនេះ យើងបានបង្កើតឲ្យមានតំបន់ទេសចរថ្មីមួយទៀត នោះគឺផ្លូវថ្មើរជើងចតុមុខ។ តំបន់ទេសចរថ្មីនេះ ទទួលបានការគាំទ្រ និងពេញនិយមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ដោយក្នុងមួយថ្ងៃមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណជាង១០ម៉ឺននាក់ មកដើរលេងកម្សាន្ត។ ជាមួយគ្នានេះ រាជធានីភ្នំពេញ ក៏មានគម្រោងបង្កើតឲ្យមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតផងដែរ ។
លោកអភិបាលរាជធានី ក៏បានបញ្ជាក់ផងដែរថា គម្រោងកាត់ខ្សែកាប្លិ៍ ខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោង កាលពីឆ្នាំ២០១៥ ជាគំរោង និងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ប៉ុន្តែដោយការរំខានដោយជម្ងឺ covid-19 គម្រោងនេះ មិនត្រូវបានបញ្ចប់ទៅតាមផែនការនោះទេ គឺអាចបញ្ចប់នៅក្នុងឆ្នាំ២០២៩ ៕






ចែករំលែកព័តមាននេះ