ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សហជីព​នៅ​កម្ពុជា បន្ត​ចេញ​សេចក្ដី​បដិសេធ​នូវ​របាយការណ៍​អង្គការ Human Rights Watch ទាក់ទង​នឹង​បញ្ហា​ពលករ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រុម​សហជីព​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​បដិសេធ​នូវ​របាយការណ៍​របស់​អង្គការ Human Rights Watch ទាក់ទង​នឹង​បញ្ហា​ពលករ ដោយ​ក្រុម​សហជីព​ទាំងនោះ ជា​របាយការណ៍​មិន​ពិត…

រាជធានី​ភ្នំពេញ​ ៖ ក្រុម​សហជីព​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​បដិសេធ​នូវ​របាយការណ៍​របស់​អង្គការ Human Rights Watch ទាក់ទង​នឹង​បញ្ហា​ពលករ ដោយ​ក្រុម​សហជីព​ទាំងនោះ ជា​របាយការណ៍​មិន​ពិត គ្មាន​វិជ្ជាជីវៈ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ​។

ការ​ចេញ​សេចក្ដី​បដិសេធ​នេះ គឺ​បន្ទាប់​ពី​អង្គការ Human Rights Watch កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ចេញ​របាយការណ៍​មួយ​មាន​ចំណងជើង​ថា «​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ស្រុក​វិញ កំពុង​ប្រឈម​នឹង​ភាព​អត់ឃ្លាន និង​គ្មាន​ការងារ​ធ្វើ​» ដោយ​អង្គការ​នេះ​បាន​សម្ភាស​អតីត​ពលករ​តែ ៥៦​នាក់​ប៉ុណ្ណោះ ​។

ក្រុម​សហជីព​ទាំងនោះ បាន​បដិសេធ​ទាំងស្រុង និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​ផ្សាយ​របាយការណ៍​មិន​ពិត គ្មាន​វិជ្ជាជីវៈ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ ក្នុង​ចេតនា​ទុច្ចរិត ញុះញង់ និង​មូល​បង្កាច់​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដល់​បងប្អូន​ពលករ​ ដែល​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​។

ក្រុម​សហជីព​ទាំងនោះ បាន​លើក​ឡើង​ថា៖ «​ជាក់ស្តែង​យើងខ្ញុំ​បាន​មើលឃើញ​ថា ចាប់ពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥ រហូត​មក​ដល់​ពេល​នេះ បងប្អូន​ពលករ​ដែល​វិល​ត្រឡប់​មក​កម្ពុជា​វិញ ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​យកចិត្តទុកដាក់​ខ្ពស់ តាម​រយៈ​ការ​រៀបចំ​មណ្ឌល​សំចត ផ្តល់​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ដោយ​មិន​គិតថ្លៃ ជួយ​លើក​សម្ភារៈ ផ្តល់​ទឹក សុទ្ធ និង​អាហារ​សម្រន់ ជួយ​សម្រួល​ឯកសារ​អត្តសញ្ញាណ​កម្ម និង​ជួយ​ឱ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ពន្យារពេល​ក្នុង​ការ​សង​» ​។

ទន្ទឹម​នេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន ពាក់ព័ន្ធ បង្កើត​យុទ្ធនាការ “​ខ្មែរ​ជួយ​រក​ការងារ និង​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​” តាម​រយៈ​ការ​ជួយ​គ្នា​ចុះ​ឈ្មោះ​រក​ការងារ ធ្វើ​តាម​ប្រព័ន្ធ​ទូរ​សព្ទ​លេខ​១២៩៧ និង​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម ដែល​បើកផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប រួម​ទាំង យុវជន​ស្ម័គ្រចិត្ត​នៃ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អាច​ជួយ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ជូន​បងប្អូន​ពលករ ដោយ​មិនបាច់​ចំណាយពេល​ ធ្វើ​ដំណើរ​ទៅ​កន្លែង​ណាមួយ​ដើម្បី​ចុះ​ឈ្មោះ ​។

លើស​ពី​នេះ​ទៀត ក្រសួង​ការងារ ក៏​បាន​រៀបចំ​វេទិកា​ការងារ​ភ្លាម​ៗ នៅ​តាម​ឃុំ ដែល​មាន​ចំនួន​បងប្អូន​ពលករ​វិល​មក​វិញ​ច្រើន ដោយ​នាំ​តំណាង​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​កសិដ្ឋាន​ចុះ​ទៅ​សម្ភាស​ការងារ​ផ្ទាល់​នៅ​តាម​ឃុំ​តែ​ម្តង​សរុប​ចំនួន ៥៧៧​លើក ព្រមទាំង​រៀបចំ​កម្មវិធី​អប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ផ្លាស់​ប្តូរ​ជំនាញ​ដល់​បងប្អូន​ដែល​ចង់​បង្កើត​មុខរបរ ឬ​ធ្វើការ​នៅ​ភូមិ ឃុំ ។

ជា​លទ្ធផល បងប្អូន​ពលករ​បាន​ទទួល ការងារ​ធ្វើ​ក្នុង​ប្រព័ន្ធ​ចំនួន​ប្រមាណ​ជាង ២៨​ម៉ឺន​នាក់ ហើយ​ក្រសួង​កំពុង មានឱកាស​ការងារ​ប្រមាណ ៨​ម៉ឺន​កន្លែង និង​កំពុង​ប្រមូល​បន្ថែម​។ ជា​ចុង​ក្រោយ ក្រុម​សហជីព​នៅ​កម្ពុជា បាន​ស្នើ​ឱ្យ​សាធារណជន​កុំ​ចែកចាយ​បន្ត​នូវ​អត្ថបទ ដែល​គ្មាន​ការ​ពិត និង​គ្មាន​វិជ្ជាជីវៈ​ខាងលើ​នេះ ​៕ អត្ថបទសហការ