រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយស្វែងរកការងារឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ ដោយគិតត្រឹមពាក់កណ្ដាលវិច្ឆិកានេះ បងប្អូនអតីតពលករជាង ៤០ម៉ឺននាក់ហើយ បានទទួលការងារធ្វើ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹង នៅថ្ងៃទី២៦ ខែវិច្ឆិកា នេះថា ចាប់តាំងពីបងប្អូនពលករខ្មែរត្រឡប់ មកពីប្រទេសថៃវិញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការជាច្រើន រាប់ចាប់តាំងពីបងប្អូនមកដល់ច្រកទ្វារព្រំដែន ដោយបានផ្សព្វផ្សាយអំពីឱកាសការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើ ឬក៏ចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ។

លោកបន្ថែមថា នៅពេលបងប្អូនអតីតពលករ ត្រឡប់ដល់ស្រុកកំណើតរៀងៗខ្លួនហើយនោះ ក្រសួងការងារ ក៏បានរៀបចំវេទិកាការងារ និងពិព័រណ៍ការងារ ដោយបាននាំយកឱកាសការងារជូនដល់បងប្អូនអតីតពលករ ដល់ស្រុកកំណើតតែម្ដង ដែលមកដល់ពេលនេះ ក្រសួងបានរៀបចំនៅតាមបណ្ដាខេត្តនានា បានជិត ៦០០លើករួចមកហើយ ។

អ្នកនាំពាក្យក្រសួងការងារ លើកឡើងថា តាមរយៈវិធានការទាំងនោះហើយ ទើបធ្វើឱ្យបងប្អូនអតីតពលករត្រឡប់ មកពីថៃប្រមាណជា ៤០ ទៅ ៤៥ម៉ឺននាក់ បានការងារធ្វើ គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកា នេះ ដោយក្នុងនោះតាមរយៈយន្ដការ ក្រសួងប្រមាណ ២៨ម៉ឺននាក់ និងរាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅក្រៅប្រព័ន្ធដូចជា នៅក្នុងសិប្បកម្ម ការដ្ឋានសំណង់ និងកសិដ្ឋាន ជាដើម ។

ជាមួយគ្នានេះ លោក ស៊ុន មេសា ក៏បានអំពាវនាវឱ្យអង្គការជាតិ អន្តរជាតិ សហការជួយផ្ដល់ព័ត៌មានអំពីអត្តសញ្ញាណបងប្អូនអតីតពលករ ដែលមិនទាន់មានការងារធ្វើ ដើម្បីអាចឱ្យក្រសួងជួយស្វែងរកការងារជូនពួកគាត់ ដែលនេះគឺជាការជួយប្រកបដោយប្រសិទ្ធភាព ។

បន្ថែមពីលើនេះទៀត អ្នកនាំពាក្យក្រសួងការងារ ក៏បានបន្តអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនអតីតពលករ ទាក់ទងមកក្រសួងការងារ តាមរយៈលេខ Hotline ១២៩៧ ដើម្បីអាចឱ្យក្រសួងជួយស្វែងរកការងារជូន ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ