រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរលោកជំទាវ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជឿជាក់ថានៅក្នុងអាណត្តិបេសកកម្ម ការទូតរបស់លោកជំទាវ សម្រាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រូវបានលើកកម្ពស់ ឱ្យកាន់តែប្រសើរឡើងថែមទៀត ។

ជាការឆ្លើយតប លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរីករាយ ដែលទទួលបានការចាត់តាំងឱ្យបំពេញបេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង អ៊ីស្រាអែល-កម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ក្នុងវិស័យការងារ ឱ្យកាន់តែរីកចម្រើន ។

បន្ថែមពីនេះ ភាគីទាំងពីរបានគូសបញ្ជាក់ ពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងពិភាក្សា អំពីការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការងារ ជាពិសេស ការផ្លាស់ប្ដូរកម្លាំងពលកម្ម ឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅបន្ថែមទៀត ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យការងារ ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ព្រមទាំងបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ច ទៅវិញទៅមក ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ