រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។


ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងលោកស្រី Tania បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ នាពេលកន្លងមក ។ ជាក់ស្តែង ធនាគារពិភពលោក បាននិងកំពុងផ្តល់ជំនួយបច្ចេកទេសសំខាន់ៗមួយចំនួន ដល់ធនាគារជាតិនៃកម្ពុជា ដូចជា ការរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងទុនបម្រុងអន្តរជាតិ ក្របខ័ណ្ឌគ្រប់គ្រងនិងបង្ការវិបត្តិ ប្រព័ន្ធធានារ៉ាប់រងលើប្រាក់បញ្ញើ និងបច្ចេកវិទ្យាជាដើម ។

លោកស្រី Tania ក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន ដូចជា ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងស្ថិរភាពថ្លៃ ភាពរឹងមាំនៃប្រព័ន្ធធនាគារ និងការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា ។ ក្នុងន័យនេះ លោកស្រី បានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជា បន្តជួយចែករំលែកបទពិសោធជោគជ័យ លើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀត ទៅកាន់ប្រទេសផ្សេងៗផងដែរ ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានមានប្រសាសន៍ ពីការចែករំលែកបទពិសោធនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលកម្ពុជា ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការត្រួតពិនិត្យប្រព័ន្ធធនាគារ ទៅកាន់បណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោកនាពេលកន្លងមក ។ បន្ថែមលើនេះ លោកជំទាវក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា តែងទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជាន់ខ្ពស់ នៃធនាគារកណ្តាលនានា មកកាន់កម្ពុជាក្នុងគោលបំណងស្វែងយល់ ពីដំណើរការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ។

លើសពីនេះ លោកជំទាវទេសាភិបាល និងលោកស្រី Tania បានផ្លាស់ប្តូរទស្សនាទានអំពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ ដោយសារកត្តាខាងក្រៅមួយចំនួន ។ លោកជំទាវទេសាភិបាល ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការរីកចម្រើននៃបច្ចេកវិទ្យា និងហានិភ័យពាក់ព័ន្ធ ជាពិសេស ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត AI បញ្ហាសាយប័រ និងអនឡាញស្កេម ដែលទាមទារឱ្យមានកិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ