ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៥ សហគ្រាស​នៅ​កម្ពុជា​កើនឡើង​ជាង ៤​ម៉ឺន​ សហគ្រាស

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៥ សហគ្រាស​នៅ​កម្ពុជា​កើនឡើង​ជាង ៤​ម៉ឺន ខណៈ​វិស័យ​កាត់ដេរ​កើនឡើង​ដល់ ១៨១០ រោងចក្រ​សហគ្រាស ដែល​បាន​ផ្តល់​ឱកាស​ការងារ…

រាជធានីភ្នំពេញ​ ៖ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៥ សហគ្រាស​នៅ​កម្ពុជា​កើនឡើង​ជាង ៤​ម៉ឺន ខណៈ​វិស័យ​កាត់ដេរ​កើនឡើង​ដល់ ១៨១០ រោងចក្រ​សហគ្រាស ដែល​បាន​ផ្តល់​ឱកាស​ការងារ ​ដល់​កម្មករនិយោជិត​ប្រមាណ​ជាង ២​លាន​កន្លែង​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

អ្នកនាំពាក្យ​ដដែល​រូប​នេះ គូសបញ្ជាក់​ថា កំណើន​នៃ​រោងចក្រ​សហគ្រាស​នេះ​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​នៃ​វិស័យ​ការងារ និង​សេចក្តី​ទុកចិត្ត​របស់​អ្នក​វិនិយោគ​ មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ​។

លោក ស៊ុន មេ​សា លើក​ឡើង​ថា​៖ «កំណើន​នៃ​រោងចក្រ​ដ៏​ច្រើន​នេះ បង្ហាញ​ពី​វឌ្ឍនភាព​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា និង​បង្ហាញ​ពី​សេចក្តី​ទុកចិត្ត​របស់​វិស័យ​ឯកជន និង​វិនិយោគិន​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​បន្ត​អនុគ្រោះ​ទៅ​ដល់ ​រោងចក្រ​សហគ្រាស​ថ្មី​ៗ ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក្រសួង​ការងារ បាន​កាត់​បន្ថយ​នូវ​សេវា​របស់​ខ្លួន ជិត ២០​សេវា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​វិនិយោគិន​» ​។

បន្ថែម​ពី​នេះ អ្នកនាំពាក្យ​រូប​នេះ មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​មិន​ត្រឹមតែ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​នោះ​ទេ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​កម្លាំង​ពលកម្ម​ ដែល​មាន​ជំនាញ​គ្រប់គ្រាន់ ដែល​ជា​កត្តា​គួបផ្សំ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ផង​ដែរ​ ។

លោក ស៊ុន មេ​សា បន្ថែម​ថា​៖ «យើង​ឃើញ​ថា លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា បន្ថែម​ពី​នេះ គឺ​ការ​ចូលរួម​រៀន​ជំនាញ​បច្ចេកទេស ​និង​វិជ្ជាជីវៈ​ដែល​ក្រសួង​ការងារ​ ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល ផ្តល់​នូវ​ភាព​បត់បែន​នូវ​ឱកាស ​នៃ​ការ​បណ្តុះបណ្តាល​ជូន​បងប្អូន​កម្មករ​កម្មការិនី​គ្រប់ពេល​ ។ យើង​អាច​និយាយ​បាន​ថា លក្ខខណ្ឌ​ការងារ​ល្អ កម្មករ​មាន​ជំនាញ ស្ថិរភាព​នយោបាយ និង​ការ​ទាក់ទាញ​វិនិយោគិន​ កាន់តែ​សម្បូរ​បែប​ដែល​ធ្វើ​ឱ្យ​មានការ​វិនិយោគ​ ជា​បន្តបន្ទាប់​» ។

អ្នកនាំពាក្យ​ក្រសួង​ការងារ​គូសបញ្ជាក់​ថា គិត​ត្រឹម​ខែតុលា ដើមឆ្នាំ​២០២៥ នេះ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន ៥៧៩​គម្រោង ជាមួយនឹង​ទុន​វិនិយោគ ៩,២​ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​នឹង​ផ្តល់​ឱកាស​ការងារ ៤០​ម៉ឺន​កន្លែង​បន្ថែម​ទៀត ពីលើ​ឱកាស​ការងារ​ជាង ៨,២​ម៉ឺន​កន្លែង​ ដែល​កម្ពុជា​មាន​ស្រាប់ ​៕ អត្ថបទសហការ