សង្គ្រាមអ៊ុយក្រែន ៖ កាលពីថ្ងៃទី២៤ វិច្ឆិកា អ្នកនាំពាក្យសេតវិមានចាត់ទុកជាការបំផ្លើសទាំងស្រុងគំនិតដែលថា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងរដ្ឋាភិបាលលោកលម្អៀងទៅរករុស្ស៊ីក្នុងការចរចា ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ។ អ្នកនាំពាក្យរូបនោះលោកស្រីការ៉ូលីន លីវីត ថ្លែងទៅកាន់បណ្ដាអ្នកកាសែតថា ការលើកឡើងដែលថា អាមេរិកប្រកាន់ជំហរមិនស្មើភាពគ្នាជាមួយគូជម្លោះទាំង២ ដើម្បីបញ្ចប់សង្គ្រាម ពិតជាការបំផ្លើសទាំងស្រុង ។
រដ្ឋការអាមេរិកបានស្នើផែនការមាន២៨ចំណុច ដើម្បីបញ្ចប់ជម្លោះ បង្កឡើងដោយការលុកលុយរបស់រុស្ស៊ី ចាប់់តាំងពីជិត៤ឆ្នាំមកហើយ ។ ទទួលការសាទរពីប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន ផែនការសន្តិភាពនោះ ចែងពីការទាមទារគន្លឹះនានារបស់ក្រុងមូស្គូដែលអ៊ុយក្រែនត្រូវបោះបង់ដែនដីឲ្យរុស្ស៊ី និងព្រមទទួលយក ការកាត់បន្ថយចំនួនកងទ័ពនិងបោះបង់ចោលការចង់ចូលជាសមាជិកអូតង់ ។ ប៉ុន្តែផែនការនេះ ផ្ដល់ការធានាខាងសន្តិសុខអ៊ុយក្រែនពីពួកលោកខាងលិច បង្ការរាល់ការវាយប្រហារថ្មីរបស់រុស្ស៊ី ។
អំពីផែនការនោះ កាលពីថ្ងៃទី២៣ វិច្ឆិកា មានការប្រជុំពិភាក្សានៅប្រទេសស្វ៊ីស រវាងអាមេរិក អ៊ុយក្រែននិងអឺរ៉ុប ។ តាមក្រុងគៀវ និងសហភាពអឺរ៉ុបថា ការពិភាក្សាអាចផ្ដល់ជំហរថ្មីមួយក្នុងការចរចា ។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីយល់ថា គេត្រូវធ្វើអ្វីច្រើនទៀត ដើម្បីឲ្យសម្រេចបានសន្តិភាពពិតប្រាកដជាមួយរុស្ស៊ី ។ ចំពោះអធិការបតីអាល្លឺម៉ង់អំពាវនាវដល់រុស្ស៊ី ឲ្យវិលមកតុចរចាវិញ ។
បន្ទាប់ពីការពិភាក្សាគ្នានៅក្រុងហ្ស៊ឺណែវ អាមេរិកនិងអ៊ុយក្រែនអះអាងថា កិច្ចព្រមព្រៀងសន្តិភាពមួយ ត្រួវមានការគោរពពេញលេញដល់អធិបតេយ្យភាពអ៊ុយក្រែន ។ ចំណែកសេតវិមាន បានសម្ដែងការសាទរចំពោះការពិភាក្សានៅប្រទេសស្វ៊ីសនោះ ជាមួយវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរូប៊ីយ៉ូ ។ សេតវិមានថា នេះជាជំហានទៅមុខឆ្ពោះទៅរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ។ ប្រមុខការទូតអាមេរិកមុននេះ សម្ដែងសុទិដិ្ឋនិយមលើលទ្ធភាព នៃការចុះហត្ថលេខាដោយរហ័សបំផុតលើកិច្ចព្រមព្រៀងមួយ ទោះបីអ្វីផ្សេងច្រើនទៀតនៅមិនទាន់ដឹងនៅឡើយក្ដី ៕
ចែករំលែកព័តមាននេះ