ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​​ឡើង​វិញ ​៧ថ្ងៃ​គ្រោះ.​ថ្នា.ក់​ស្លា.ប់​៤៤​​នាក់ ​រ.បួ.ស​ជាង​១០០​នាក់​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា​រយៈពេល​ត្រឹម តែ​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា​រយៈពេល​ត្រឹម តែ​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស បាន​កើតឡើង​ចំនួន​៦៩​ករណី បណ្តាល​ឱ្យ​ស្លាប់​ចំនួន​៤៤​នាក់ និង​រង​របួសធ្ងន់​-​ស្រាល​ចំនួន ១២០​នាក់ ។​

​លោក ទូច សុ​ឃៈ បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​
​ឡេ​ក្រាម​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ រួម​មាន ៖
-​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា មាន​៨​ករណី ស្លាប់​៥​នាក់ របួស​៩​នាក់ ។​
-​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា មាន​៧​ករណី ស្លាប់​១​នាក់ របួស​៩​នាក់ ។​
-​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា មាន​១៤​ករណី ស្លាប់​៥​នាក់ របួស​២៥​នាក់ ។​
-​ថ្ងៃ​ទី​២០ ខែវិច្ឆិកា មាន​១៤​ករណី ស្លាប់​១៩​នាក់ របួស​៤២​នាក់ ។​
-​ថ្ងៃ​ទី​២១ ខែវិច្ឆិកា មាន​៩​ករណី ស្លាប់​៧​នាក់ របួស​១៤​នាក់ ។​
-​ថ្ងៃ​ទី​២២ ខែវិច្ឆិកា មាន​៧​ករណី ស្លាប់​២​នាក់ របួស​១០​នាក់ ។​
-​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា មាន​១០​ករណី ស្លាប់​៥​នាក់ របួស​១១​នាក់ ។​

​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​រង​បួស​ជា​​ច្រើន​នាក់​ក្នុង​រយៈពេល​៧​ថ្ងៃនេះ គឺ​មាននៅ​តាម​មូលដ្ឋាន​ជា​អាទិ៍ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត​បាត់​​ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្ត​​រតនគិរី ខេត្តក្រចេះ ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង ។​

​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​​ឡើង​ឥត​ស្រាកស្រាន្ត​បែប​នេះ អ្នកនាំពាក្យ​រង​​ក្រសួង មហាផ្ទៃ បន្ត​ក្រើនរំឭក​និង​ទទូច​អំពាវនាវ​ទៅ​កាន់​អ្នកបញ្ជា​យានយន្ត និង​អ្នកដំណើរ​លើ​ដងផ្លូវ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​មាន​ស្មារតី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​គ្រប់ពេលវេលា មិន​ថា​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ផ្លូវជាតិ ផ្លូវ​ខេត្ត ឬ​ផ្លូវ​តាម​សហគមន៍​ភូមិ ឃុំ ក៏​ដោយ ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នក​ដទៃ ។


​គួរ​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ឡើង​វិញ​ហើយ​
​ក្រោយ​ពី​បាន​ផ្អាក​សកម្មភាព​មួយ​រយៈ ។ ប​ច្ចុ​​ប្បន្ន នៅ​តាម​គោលដៅ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា មន្ត្រី​នគរបាល​ចរាចរណ៍​បាន​និង​កំពុង​អនុវត្ត​វិធានការ​ច្បាប់​នេះ​ជា​បណ្តើរ​ៗ​ផង​ដែរ ។​ ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​នេះ ស្រប​តាម​ស្មារតី​នៃ​គោលការណ៍​ណែនាំ់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​​មន្ត្រី​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ