ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គេសង្កេតឃើញកសិករវ័យចំណាស់ម្នាក់ បានខិតខំប្រឹងប្រែងប្រកបមុខរបរដាំបន្លែ ដើមទំពាំងបារាំងជាច្រើនគុម្ព អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅលើដីចំការរបស់ខ្លួន ម្ខាងអូរក្បែរផ្ទះ ហើយក៏បានដុះលូតលាស់យ៉ាងល្អ ដោយបានប្រមូលផលដឹកយកទៅលក់ដូរនៅតាមទីផ្សារនានា ក្នុងក្រុងប៉ៃលិន និងយកទៅលក់រហូតដល់ខេត្តសៀមរាប។ មុខរបរមួយនេះ បានធ្វើឱ្យជីវភាពរស់នៅរបស់ក្រុមគ្រួសារគាត់ កាន់តែប្រសើរឡើងជាងមុន ខណៈដែល១ខែៗ គាត់អាចរកថវិកាបាន និងសន្សំទុកផ្គត់ផ្គង់ជីវភាព ថែមទាំងអាចសងជំពាក់បំណុលគេជិតរួចរាល់អស់ហើយ ។
បើតាមប្រភពព័ត៌មានពីកសិករម្នាក់ឈ្មោះ ដី រិទ្ធី ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ អស់រយៈពេលជិត៦ឆ្នាំមកហើយ ដែលគាត់បានចាប់ផ្តើមដាំបន្លែទំពាំងបារាំង ចំនួន១៨រង ដោយក្នុង១រង ប្រវែង៤០ម៉ែត្រ ។
លោកបានបន្តទៀតថា ក្រោយពេលបន្លែទំពាំងបារាំងនេះ បានដុះលូតលាស់យ៉ាងល្អ គាត់ក៏ប្រមូលផលលក់ក្នុង១ថ្ងៃ បានប្រហែល៣០ទៅ៤០គីឡូក្រាម ដោយក្នុង១គីឡូក្រាម ឈ្មួញទិញក្នុងតម្លៃ១២០០០ទៅ១៣០០០រៀល ។
ទោះបីជាយ៉ាងណាក៏ដោយ ការដាំបន្លែប្រភេទនេះ ទាមទារឱ្យរូបគាត់ ធ្វើការបូមទឹកស្រោចជាប់ជាប្រចាំ ជាពិសេសពេលរាំងភ្លៀងរយៈពេលយូរ ដូចជារដូវប្រាំងជាដើម ដើម្បីកុំឱ្យងាប់ដើម ហើយការស្រោចទឹកជាប្រចាំអាចធ្វើឱ្យដីធូរងាយស្រួលឱ្យបន្លែបញ្ចេញខ្នែងថ្លោសល្អថែមទៀត។ លើសពីនេះជារៀងរាល់ថ្ងៃគាត់ពិតជាព្រួយបារម្ភនឹងបញ្ហាជំងឺបន្លែ ដូចជាក្រាចាប់ ឬជំងឺផ្សេងៗ ដែលធ្វើឱ្យក្រិនដើម និងងាប់ដើម ហើយអាចឱ្យទិន្នផលមានការធ្លាក់ចុះថែមទៀត ។
លោកបញ្ជាក់ទៀតថា បន្លែទំពាំងបារាំងនេះ គឺគាត់ដាំជាលក្ខណៈធម្មជាតិ ដោយមិនប្រើជីគីមីឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកទទួលទាន គឺដាក់តែជីលាមកសត្វមាន់ សត្វគោប៉ុណ្ណោះ និងប្រើអង្កាមដាក់គល់ ដោយបន្លែប្រភេទនេះ មានវិតាមីនខ្ពស់ អាចឱ្យប្រជាពលរដ្ឋទិញយកទៅធ្វើបន្លែឆា ស្ងោ និងស្លជាមួយសាច់មាន់ សាច់ទា សាច់ជ្រូក។ ហើយបន្លែនេះ ក៏គេអាចយកទៅធ្វើជាអន្លក់ហូបឆៅជាមួយនឹងទឹកគ្រឿងយ៉ាងឆ្ងាញ់ពិសាដែរ ។
លោកក៏នឹងពង្រីកការដាំដុះនេះ បន្ថែមទៀត នៅថ្ងៃខាងមុខ បើសិនជាទីផ្សារ នៃការលក់ដូរត្រូវការច្រើនជាងមុន ព្រោះបច្ចុប្បន្ន មិនទាន់ហ៊ានបន្ថែមទៀតនោះទេ ហើយណាមួយកម្លាំងក៏កាន់តែខ្សោយជាងមុនដែរ ៕























ចែករំលែកព័តមាននេះ