សង្គ្រាមអ៊ុយក្រែន ៖ អភិបាលតំបន់ក្រុងមូស្គូ លោកអានដ្រេវ៉ូរ៉ូប៊ីយ៉ូវ គូសបញ្ជាក់ថា បណ្ដាដ្រូនអ៊ុយក្រែន កាលពីថ្ងៃទី២៣ វិច្ឆិកា បានវាយប្រហារទីតាំងមជ្ឈមណ្ឌលអគ្គិសនីក្រុងសាទូរ៉ា ស្ថិតនៅចម្ងាយ១២០គីឡូម៉ែត្រខាងកើតក្រុងមូស្គូ ។ អភិបាលរូបនោះបន្តថា ដ្រូនមួយចំនួនបានត្រូវបាញ់ទម្លាក់ដោយកងកម្លាំងការពារអាកាស ។ ដ្រូនជាច្រើនបានធ្លាក់ក្នុងដែនដីនៃមជ្ឈមណ្ឌលអគ្គិសនីនោះបណ្ដាលឲ្យមានភ្លើងឆាបឆេះ ។

ក្រសួងសភាពការណ៍បន្ទាន់រុស្ស៊ីលើកឡើងថា ពេលនេះ ភ្លើងត្រូវបានពន្លត់ ។ ត្រង់ស្វ័រម៉ាទ័រ៣ត្រូវបានភ្លើងឆេះ ។ លោកអានដ្រេវ៉ូរ៉ូប៊ីយ៉ូវ គូសបញ្ជាក់ថា ការផ្គង់ផ្គង់អគ្កិសនីជំនួយ ត្រូវបានអនុវត្ត និងថា ប្រព័ន្ធកម្ដៅចល័តត្រូវបានដាក់ពង្រាយក្នុងតំបន់ ដែលមានសីតុណ្ហភាពដល់ជិតសូន្យអង្សា ។ រាល់ការខិតខំប្រឹងប្រែងត្រូវបានធ្វើ ដើម្បីស្ដារឡើងវិញដោយឆាប់រហ័សប្រព័ន្ធកម្ដៅ។ ទីក្រុងឆាទូរ៉ាមានប្រជាជនប្រមាណ៣៣.០០០នាក់ ។
រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការដាច់ភ្លើងនិងប្រព័ន្ធកម្ដៅផ្ទួនៗ ប៉ះពាល់ដល់តំបន់អ៊ុយក្រែនជាច្រើន មកពីការវាយប្រហាររបស់រុស្ស៊ីលើបណ្ដាហេដ្ឋារចនាសម្ព័ន្ថថាមពលអ៊ុយក្រែន ពេលរដូវរងាមកដល់។ ក្រុងគៀវប៉ុនប៉ងបំផ្លាញប្រភពចំណូលរបស់រុស្ស៊ី ហៅសេដ្ឋកិច្ចសង្គ្រាមដោយផ្ដោតការវាយប្រហារលើប្រភពចំណូលពីប្រេងកាត។
អ៊ុយក្រែនក៏វាយប្រហារវិញដែរ បណ្ដាទីតាំងថាមពលក្នុងតំបន់អ៊ុយក្រែនទាំងឡាយស្ថិតក្នុងការកាន់កាប់របស់រុស្ស៊ី និងក្នុងបណ្ដាតំបន់រុស្ស៊ី ស្ថិតនៅតាមព្រំដែន តែមកទល់ពេលនេះមិនទាន់អាចធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរនៅឡើយបណ្ដាមជ្ឈមណ្ឌលអគ្គិសនី ដែលផ្គត់ផ្គង់ភ្លើងដល់ក្រុងមូស្គូនិងតំបន់ជុំវិញ ដែលមានប្រជាជនសរុបប្រមាណជាជាង២២លាននាក់។
នាថ្ងៃទី២៣ វិច្ឆិកាដែរ ក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់ថា បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន៧៥គ្រឿង ក្នុងនោះ៣៦គ្រឿងពីលើសមុទ្រខ្មៅនិងច្រើនគ្រឿងពីលើតំបន់ក្រុងមូស្គូ ។ ក្រសួងនោះក៏រាយការណ៍ដែរពីការវាយដណ្ដើមយកបានមូលដ្ឋានប៉េទ្រីវស្កេក្នុងតំបន់ដូណេតស្ក៍ភាគខាងកើតអ៊ុយក្រែន កន្លែងមានការប្រយុទ្ធគ្នាខ្លាំងក្លា ព្រមទាំងវាយយកបានមូលដ្ឋានទីឃេនិងអូត្រាតនេ ក្នុងតំបន់ឌីនីប្រូប៉េត្រូវស្ក៍ ភាគកណ្ដាឈៀងខាងកើតអ៊ុយក្រែន កន្លែងដែលកងទ័ពរុស្ស៊ីវាយលុកចូលនិងរុលទៅមុខដ៏លឿន។
ចំណែកកងទ័ពអ៊ុយក្រែនវិញកំពុងជួបការលំបាកនៅតាមខ្សែរណសិរ្ស ហើយបច្ចុប្បន្នកំពុងប្រឹងវាយទប់ដើម្បីកុំឲ្យបាត់បង់ការត្រួតត្រាទីតាំងច្រើនទៀតនៅរណសិរ្សខាងកើត និងកំពុងចាប់ផ្ដើមដកថយ ពីតំបន់មួយចំនួននៅនៅភាគខាងជើងនិងភាគខាងត្បូងប្រទេស ។
ខាងផ្នែកការទូតវិញតំណាងអ៊ុយក្រែន អាមេរិកនិងអឹរ៉ុប នាថ្ងៃទី២៣វិច្ឆិកាកំពុងស្ថិតនៅប្រទេសស្វ៊ីស ដើម្បីពិភាក្សាពីផែនការសន្តិភាព២៨ចំណុច របស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ សំដៅបញ្ចប់សង្គ្រាមអស់ពេលជិត៤ឆ្នាំមកហើយ។ ផែនការនោះក្រុងគៀវមានការបារម្ភខ្លាំង ព្រោះត្រូវធ្វើតាមការទាមទារជាច្រើនរបស់រុស្ស៊ី ពិសេសឲ្យអ៊ុយក្រែនលះបង់បណ្ដាដែនដីខ្លួនដល់រុស្ស៊ី ព្រមទទួលយកការកាត់បន្ថយកម្លាំងទ័ព និងចៀសវាងកុំចូលក្នុងអូតង់។ ប៉ុន្តែអ៊ុយក្រែននឹងទទួលការធានាការពារសន្តិសុខពីលោកខាងលិច ចៀសវាងការវាយប្រហារថ្មីរបស់រុស្ស៊ី ដូចដែលក្រុងគៀវទាមទារចាប់តាំងពីយូរមកហើយ។
ក្នុងសារមួយផ្សាយតាមបណ្ដាញសង្គម TRUHT SOCIAL កាលពីថ្ងៃទី២៣វិច្ឆិកា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានចោទប្រកាន់អ៊ុយក្រែនថា មិនបង្ហាញពីការដឹកគុណណាមួយដល់សហរដ្ឋអាមេរិកដែលអាមេរិក ស្នើផែនការបញ្ចប់ជម្លោះជាមួយរុស្ស៊ី។ លោកថាលោកជាអ្នកទទួលមរតកនៃសង្គ្រាមមួយដែលមិនគួរកើតមាន ដែលនាំឲ្យពិភពលោកទាំងមូលរងការខាតបង់ដ៏ច្រើន។ បណ្ដាអ្នកទទួលខុសត្រូវអ៊ុយក្រែន ពុំសម្ដែងការដឹងគុណណាមួយ ចំពោះបណ្ដាការខិតខំប្រឹងប្រែងរបស់យើង ហើយពួកអឺរ៉ុបវិញបន្តទិញប្រេងរុស្ស៊ី ៕

ចែករំលែកព័តមាននេះ