រាជធានីភ្នំពេញ ៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិឱ្យជួយស្តារឡើងវិញនូវតំបន់បេតិកភណ្ឌពិភពលោកនៅកម្ពុជារបស់អង្គការយូណេស្កូដែលទាហានថៃបានបាញ់បំផ្លាញពេលសង្គ្រាមកន្លងមកនេះ។

យោងតាមសេចក្តីសម្រេចស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃរបស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិកាលពីពេលថ្មីៗនេះបានលើកឡើងថា ៖ យើងក្នុងនាមជាគណបក្សជាសមាជិកនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ក្នុងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីលើកកម្ពស់តម្លៃលទ្ធិប្រជាធិបតេយ្យនិយមកណ្តាល និងសារសំខាន់នៃសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដែលរួមមានមូលដ្ឋានគ្រឹះសង្គម វប្បធម៌ និងនយោបាយ ដែលបានចាក់ឫសគល់នៅក្នុងគោលការណ៍ការឯកភាពគ្នាក្នុងភាពចម្រុះ សាមគ្គីភាព បរិយាបន្ន និងយុត្តិធម៌ ជាកម្លាំងស្នូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង សូមគាំទ្រចំពោះការដោះស្រាយជម្លោះដោយ សន្តិវិធីរវាង និងក្នុងចំណោមប្រជាជាតិរដ្ឋ ឬគណបក្សនយោបាយ ការស្តារសន្តិភាព និងស្ថិរភាពឡើងវិញ ការផ្សះផ្សា និងសុខដុមរមនាអន្តរជាតិ ។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃជម្លោះ និងការបែកបាក់ ហើយសូមឆ្លៀតឱកាសនេះ អបអរសាទរព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃដែលបានសម្រេចនូវសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ។

ប្រភពក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតី Donald J. Trump ចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួល ដោយនាយករដ្ឋមន្ត្រី Anwar Ibrahim ក្នុងនាម ជាប្រធានអាស៊ានឆ្នាំ២០២៥ និងដោយមានការចូលរួម ប្រកបដោយស្ថាបនាពីសាធារណរដ្ឋប្រជាមានិតចិន និងសហគមន៍អន្តរជាតិនៅក្នុងដំណើរការសន្តិភាព ។
សេចក្តីសម្រេចបានបញ្ជាក់ថា៖«យើងសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សហគមន៍អន្តរជាតិ ចំពោះការអំពាវនាវឱ្យមានសន្តិភាព និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបទឈប់បាញ់របស់អាស៊ាន ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបានទប់ស្កាត់ភាពតានតឹងកើនឡើង បន្ថែមទៀត និងបានជួយសង្គ្រោះអាយុជីវិតជាច្រើននាក់នៃភាគីជម្លោះទាំងពីរ។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហគមន៍អន្តរជាតិ ដែលបានផ្តល់នូវជំនួយមនុស្សធម៌ដល់ជនភៀសសឹក បន្ទាប់ពីជម្លោះបានបញ្ចប់ភ្លាម»។
ប្រភពបានសង្កត់ធ្ងន់អំពីការគាំទ្រយ៉ាងខ្លាំងក្លា និងពេញលេញរបស់យើងចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ហើយស្នើឱ្យភាគីទាំងពីរគោរព និងអនុវត្តកិច្ចព្រមព្រៀងទាំងនេះដោយស្មោះត្រង់ ស្របតាមលក្ខខណ្ឌ និងគោលបំណងនៃកិច្ចព្រមព្រៀង ។ ក្នុងន័យនេះ យើងសូមជំរុញឱ្យមានការដោះគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ជាពិសេសគ្រាប់បែកចង្កោម និងសំណល់គ្រាប់សង្គ្រាមផ្សេងទៀត ដើម្បីស្ដារស្ថានភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាជនដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ឱ្យវិលមករក ប្រក្រតីភាពឡើងវិញ ការពារសុវត្ថិភាព និងសន្តិសុខជូនដល់ប្រជាជនដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ ។

យើងសូមអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ យើងមានជំនឿជឿជាក់យ៉ាងមុតមាំថា នេះជាកាតព្វកិច្ចរបស់យើងក្នុងការបញ្ចប់នូវរាល់អរិយភាពមកលើប្រជាជន និងការរំលោភបំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិដោយកងកម្លាំងប្រដាប់អាវុធនៃភាគីជម្លោះ ។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិបានគូសបញ្ជាក់បន្ថែមថា«យើងសូមកត់សម្គាល់ថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពនៅតែមានភាពផុយស្រួយ ដែលស្តែង ចេញតាមរយៈការវាយប្រហាររបស់កងទ័ពថៃលើជនស៊ីវិលដែលគ្មានអាវុធ នៅខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលថ្មីៗនេះ ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់រងរបួស ។ ដូចនេះ យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារ ដោយគ្មានហេតុផ ការប្រើប្រាស់ និងការគំរាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្កហេតុជាប្រព័ន្ធ។ ទន្ទឹមនឹងនេះ យើង សូមអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃ និងកងទ័ពថៃឱ្យគោរពយ៉ាងពេញលេញប្រកបដោយភាព ស្មោះត្រង់ សុចរិតភាព ភាពត្រឹមត្រូវខ្ពស់បំផុតចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ ធម្មនុញ្ញ អាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី»។

លើសពីនេះអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិបានអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិឱ្យជួយស្តារឡើងវិញនូវតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ដែលរងការខូចខាតក្នុងអំឡុងពេលជម្លោះ ប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់ និងការទម្លាក់គ្រាប់បែកតាមអាកាស។ លើសពីនេះ យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ របស់មនុស្សជាតិ និងការការពារទ្រព្យសម្បត្តិទាំងនោះឱ្យបានពេញលេញ ។
ប្រភពដដែលបានលើកឡើងទៀតថា ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ មនុស្សធម៌ និងយុត្តិធម៌ យើងសូមអំពាវនាវដល់ថ្នាក់ដឹកនាំអ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិជំរុញឱ្យគណបក្សនយោបាយ និងដៃគូលើសកលលោករបស់យើង ឱ្យមានសម្លេងនិង សកម្មភាពរួមគ្នា ក្នុងការជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពពិភពលោក រួមទាំងតម្លៃ ស្នូល និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិទាំងអស់ ៕
ចែករំលែកព័តមាននេះ