ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចាញ់​ចូលពេទ្យ អ្នកឈ្នះ​ដេកគុ.ក ផ្កាយ១ដាក់មេប្រូចបាត់

44 វិនាទី មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ មានការ​បង្ហោះ​ចែកចាយ​ត​ៗ​គ្នា ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​រវាង​ភាគី​ម្ខាង​ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ និង​ភាគី​ម្ខាង​ជា​ជន​ដៃដល់ ។ អ្វី​ដែល​ព័ត៌មាន​នេះ ធ្វើ​ឲ្យ​មតិ​មហាជន​មានការ​ចាប់អារម្មណ៍​នោះ…

ខេត្តកណ្តាល ៖ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ មានការ​បង្ហោះ​ចែកចាយ​ត​ៗ​គ្នា ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​រវាង​ភាគី​ម្ខាង​ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ និង​ភាគី​ម្ខាង​ជា​ជន​ដៃដល់ ។ អ្វី​ដែល​ព័ត៌មាន​នេះ ធ្វើ​ឲ្យ​មតិ​មហាជន​មានការ​ចាប់អារម្មណ៍​នោះ គឺ​ភាគី​ម្ខាង​មាន​វត្តមាន​លោក​ផ្កាយ​១​នគរបាល​ជាតិ​ម្នាក់ ចូលរួម​ក្នុង​សកម្មភាព​ប្រព្រឹត្ត​អំពើ​ហិង្សា​ជាមួយ​ជន​ដៃដល់​នោះ​ដែរ តែ​ពេល​នេះ​លោក​ផ្កាយ​១​រូប​នោះ បាន​ដាក់​មេ​ប្រូច​បាត់​ហើយ ។ ចំណែក​ជន​បង្ក​ចំនួន​៤​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដែល​មិន​ខុស​ពាក្យ​ថា «​អ្នក​ចាញ់​ចូល​ពេទ្យ អ្នក​ឈ្នះ​ដេក​គុក​» និង​ខ្លះ​ត្រូវ​រត់​ចោលផ្ទះ ចោល​ប្រពន្ធ​កូន ព្រោះ​ខ្លាច​ខ្នោះ​ច្រ​វ៉ា​ក់ ។

បន្ទាប់​ពី​មាន​ព័ត៌មាន​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​នោះ​មក ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ថា ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ឆ្លើយ​តប​បំភ្លឺ​ជូន​សាធារណជន​ទៅ​នឹង​បណ្តាញ​ព័ត៌មាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​លោក សុខ ស៊ី​ថា បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា នៅ​សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ហើយ​រត់គេច​ខ្លួន ។ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឱ្យ​លោក​អធិការ​នគរបាល​ក្រុង​អរិយ​ក្សត្រ​ស្រាវជ្រាវ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​ខាងលើ ។

ជា​លទ្ធផល​បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​៩:០០​នាទី នៅ​ភូមិ​ព្រែក​តា​កូវ សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ខេត្ដកណ្ដាល ឈ្មោះ ជឹ​ម ធឿ​ន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​តា​កូវ សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ខេត្ដកណ្ដាល និង​ឈ្មោះ ជឹ​ម ស៊ី​ថា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​លើ សង្កាត់​ស្វាយ​ជ្រំ ក្រុង​អរិយ​ក្សត្រ ខេត្ដកណ្ដាល ជា​ភាគី​ម្ខាង និង​ជា​ក្រុម​អ្នក​រង​គ្រោះ ។

ចំណែក​ភាគី​ម្ខាង​មាន​ចំនួន​៥​នាក់ តែ​ឃាត់ខ្លួន​បាន​៤​នាក់ ៖
១-​ឈ្មោះ សុខ ស៊ី​ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​១ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បឹង​ក្រចាប់​ជើង ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្ដកណ្ដាល ជា​ជន​ដៃដល់ កំពុង​គេចខ្លួន ។
២-​ឈ្មោះ សយ សា​រឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​ជោ សង្កាត់​សារិកាកែវ ក្រុង​អរិយ​ក្សត្រ ខេត្ដកណ្ដាល ត្រូវ​បាន​ឃាត់ខ្លួន ។

៣-​ឈ្មោះ ញ៉េ​ប ស្រួ​ន ហៅ​ក្រៅ ទ្រូ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​បង្កង សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ខេត្ដកណ្ដាល ត្រូវ​បាន​ឃាត់ខ្លួន ។
៤-​ឈ្មោះ យឹ​ម សំនៀង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អរិយ​ក្សត្រ សង្កាត់​អរិយ​ក្សត្រ ក្រុង​អរិយ​ក្សត្រ ខេត្ដកណ្ដាល ត្រូវ​បាន​ឃាត់ខ្លួន ។
៥-​ឈ្មោះ វ​ណ្ណី ដា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ល្វា សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ខេត្ដកណ្ដាល ត្រូវ​បាន​ឃាត់ខ្លួន ។

ចំពោះ​វត្ថុ​តាង​ចាប់​យក​មានកាំបិត​ផ្គាក់​១​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ ហើយ​បច្ចុប្បន្ន​ជន​សង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វី​ធី ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សុខ ស៊ី​ថា ដែល​ល្បី​ថា ជា​មន្ត្រី​នគរបាល​ជាតិ ពាក់​ផ្កាយ​១​បាន​គេចខ្លួន តែ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុង​ស្វែងរក​តាម​នីតិវិធី​ជំនាញ ។

ចំពោះ​ដំណើររឿង ដែល​បង្ក​ឱ្យ​មាន​វិវាទ​រហូត​ផ្ទុះ​ហិង្សា​ត្រូវ​បានឱ្យ​ដឹង​ថា តាម​ការ​បញ្ជាក់​របស់​ជន​រង​គ្រោះ​ឈ្មោះ ជឹ​ម ស៊ី​ថា ត្រូវជា​ប្អូនបង្កើត​របស់​ឈ្មោះ ជឹ​ម ធឿ​ន បាន​បំភ្លឺ​ថា ជន​រង​គ្រោះ​បាន​កាន់កាប់​និង​អាស្រ័យ​ផល​នៅ​លើ​ដី​មួយ​កន្លែង នៅ​តាម​បណ្តា​យ​ព្រែកថោ​ង ស្ថិត​ក្នុងភូមិ​ព្រែក​តា​កូវ សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ជាង​៣០​ឆ្នាំ​មក​ហើយ ដែល​មាន​ព្រំ​ម្ខាង​ជាប់​នឹង​ដី​របស់​ឈ្មោះ ភឺន ផល្លា និង​ម្ខាង​ទៀត​ជាប់​តាម​បណ្តា​យ​ព្រែក​ថោ​ង ។

នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ជន​រង​គ្រោះ​ឈ្មោះ ជឹ​ម ធឿ​ន បាន​ទូរស័ព្ទ​មក​ខ្លួន (​ជឹ​ម ស៊ី​ថា​) ថា ឃើញ​មាន​គេ​មក​បោះ​បង្គោលរបង​ជាប់​នឹង​ដី​គាត់ ។ ភ្លាម​នោះ ខ្លួន​និង​បង​ឈ្មោះ ជឹ​ម ធឿ​ន បាន​នាំ​គ្នា​ទៅ​មើល ក៏​បានឃើញ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ នាំ​គ្នា​ទាញ​ខ្សែ​វាស់​ចូល​ក្នុង​ដី​បងខ្លួន​ឈ្មោះ ជឹ​ម ធឿ​ន មែន ។

ភ្លាម​នោះ បងខ្លួន​បាន​ចូល​ទៅ​ឃាត់​មិន​ឲ្យ​ពួក​គេ​ធ្វើ​ទេ ដោយ​ប្រាប់​បន្ថែម​ថា ធ្វើ​តែត្រឹម​បង្គោល​ចាស់​ទៅ​បាន​ហើយ បន្ទាប់​មក​ពួក​គេ​បាន​ឈប់​ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ លុះ​ព្រឹកស្អែក​ឡើង​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បងខ្លួន​ឈ្មោះ ជឹ​ម ធឿ​ន បាន​ទូរស័ព្ទ​មក​ប្រាប់​ថា មាន​គេ​ដក​បង្គោលព្រំ​ដី​ចាស់​ចោល រួច​វាស់​បោះបង្គោល​ចូល​ក្នុង​ដី​របស់​គាត់ ។ នៅ​ពេល​ឮ​ភ្លាម ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ដល់​ក៏​ឃើញ​មាន​គេ​ដក​បង្គោលព្រុំ​ដី​របស់​បងខ្លួន​ពិតមែន ។

បន្ទាប់​មក ស្រាប់តែ​ជន​ឈ្មោះ សុខ ស៊ី​ថា បាន​ស្រែកសួរ​បងខ្លួន​ថា បើ​ដី​នេះ​ជា​ដី​របស់
បង​មាន​ប្លង់​បញ្ជាក់​ពី​សាលាក្រុង​ឬ​អត់ ? បងខ្លួន​ឈ្មោះ ជឹ​ម ធឿ​ន ក៏​បាន​តប​ទៅ​វិញ​ថា ដី​តាម​បណ្តា​យ​ព្រែក​នេះ​ខ្លួន​គ្មាន​ប្លង់​ទេ តែ​បាន​កាន់កាប់​តាំងពី​សង្គម​មក​ម្ល៉េះ ហើយ​ខ្លួន​បាន​និយាយ​បន្ថែម​ថា បើ​ដី​បង​ឯង​មាន​ប្លង់​ដល់​ចំណី​ព្រែក បង​ឯង​យក​ដី​នេះ​ចុះ ។

ភ្លាម​នោះ បាន​ធ្វើ​ឲ្យ​ឈ្មោះ សុខ ស៊ី​ថា (​ផ្កាយ​១) ខឹង​ច្រឡោត និង​ថែម​ទាំង​បញ្ជា​ឲ្យ​កូនចៅ​ដក​បង្គោល​ចាស់​ចេញ ។ ឃើញ​សភាពការណ៍​មិន​ស្រួល ខ្លួន​បាន​ទាញ​ទូរស័ព្ទ​ថត ស្រាប់តែ​ជន​ឈ្មោះ សុខ ស៊ី​ថា ស្ទុះ​មក​វាយ តែ​ខ្លួន​គេច​ផុត​ក៏​ដួល​ទៅ​លើ​ដី ។ បន្ទាប់​មក​ជន​ឈ្មោះ សុខ ស៊ី​ថា បាន​ទាញ​កាំបិត​ផ្គាក់​កាប់​ខ្លួន ជឹ​ម ស៊ី​ថា តែ​បងខ្លួន​ចាប់​ទាន់​ក៏​ប្រឹង​ប្រទាញ​ប្រ​ទង​រហូត​របួស​ចេញ​ឈាម​នៅ​ក្រោម​សាច់​ដុំដៃ​ខាងឆ្វេង ។

ពេល​នោះ កូនចៅ​របស់​ជនសង្ស័យ​ម្នាក់ បាន​ចាប់ខ្លួន​ផ្តួល​ទៅ​លើ​ដី​ដើម្បី​ដ​ណ្តឹ​ម​យក​ទូរស័ព្ទ តែ​យក​មិន​បាន ហើយ​ខ្លួន​បាន​នាំ​បង​ឈ្មោះ ជឹ​ម ធឿ​ន ដឹក​តាម​ម៉ូតូ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រែក​លួង និង​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ព្រែក​តា​កូវ ។ ក្រោយ​ពេល​ទទួល​បាន​បណ្តឹង កម្លាំង​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ បាន​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ គឺ​ឈ្មោះ សយ សា​រឿ​ន ឈ្មោះ ញ៉េ​ប ស្រួ​ន ឈ្មោះ យឹ​ម សំនៀង និង​ឈ្មោះ វ​ណ្ណី ដា​រ៉ា យក​ទៅ​សាកសួរ ចំណែក​ជន​ឈ្មោះ សុខ ស៊ី​ថា (​ផ្កាយ​១) រត់គេច​ខ្លួន​បាត់ ។ ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​អរិយ​ក្សត្រ ដើម្បី​បន្ត​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ