រាជធានីភ្នំពេញ ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ មានគោលដៅសំខាន់បំផុត គឺឈានទៅបញ្ចប់ការបង្រៀនថ្នាក់ផ្គួប ដែលមានសិស្សច្រើនហួសកំណត់ ពិបាកក្នុងការសិក្សា និងដើម្បីជួយសម្រួលភាពនឿយហត់ គ្រូបង្រៀនមួយចំនួន ដែលត្រូវបង្រៀនពីរវេន ព្រោះតែខ្វះគ្រូ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាពព័ត៌មានអំពីដំណើរការជ្រើសរើស និងគ្រប់គ្រងគ្រូង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ» កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឯកឧត្តមបានលើកឡើងថា ដើម្បីផ្តល់ព័ត៌មានអំពីគោលការណ៍ និងវឌ្ឍនភាពការងារជុំវិញដំណើរការនៃការជ្រើសរើស និងរៀបចំគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ គណៈកម្មការរៀបចំការប្រឡងប្រជែងបានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពព័ត៌មានអំពីដំណើរការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ»។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានលើកឡើងទៀតថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ គណៈកម្មការរៀបចំការប្រឡងប្រជែងក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជូនក្រសួងអប់រំ បាន៤លើក រួចមកហើយរួមមាន៖ ជ្រើសរើសគ្រូកីឡា, គ្រូបង្រៀនបឋមសិក្សា, គ្រូបង្រៀនអនុវិទ្យាល័យ, គ្រូបង្រៀនវិទ្យាល័យ។

ចំពោះការប្រឡងប្រជែងជ្រើសរើសលើកនេះ ជាលើកទី៥ គឺការជ្រើសរើស «គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ»ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ។ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ មានគោលដៅសំខាន់បំផុត គឺឈានទៅបញ្ចប់ការបង្រៀនថ្នាក់ផ្គួប ដែលមានសិស្សច្រើនហួសកំណត់ ពិបាកក្នុងការសិក្សា និងដើម្បីជួយសម្រួលភាពនឿយហត់ គ្រូបង្រៀនមួយចំនួន ដែលត្រូវបង្រៀនពីរវេន ព្រោះតែខ្វះគ្រូ។
សូមជម្រាបថា សន្និសីទសារព័ត៌មាននាពេលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីជម្រាបជូនជាព័ត៌មានផ្អែកទៅលើគោលការណ៍ ទិន្នន័យក្នុងនាមគណៈកម្មការរៀបចំការប្រឡងប្រជែង និងដើម្បីជម្រះរាល់មង្ទិលសង្ស័យមួយចំនួន និងព័ត៌មានផ្សេងៗ នៅលើបណ្តាញផ្សព្វផ្សាយសង្គម។
នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតលើអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានស្នូលផ្តោតលើ «ការកែទម្រង់ និងការពង្រឹង អភិបាលកិច្ច» ។

កម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦រួមមាន៖
១).ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
២).ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនសរុបប្រមាណ ១.៥លាននាក់ ដោយរាជរដ្ឋាភិបាលទទួលបន្ទុករ៉ាប់រង លើថ្លៃសិក្សា និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ។
៣).ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
៤).ការដាក់ចេញយុទ្ធសាស្ត្រ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។

៥).ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង
៦).ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
សូមបញ្ជាក់ថា ការប្រឡងជ្រើសរើសគ្រូបឋមផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីតាំងចំនួន៣ មានសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (RULE), វិទ្យាស្ថានជាតិអប់រំ (NIE) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ចំពោះបេក្ខជនដែលចូលរួមប្រឡងមានជិត៩ពាន់នាក់ ខណៈការជ្រើសរើសត្រឹម ៣ ២១៣នាក់ប៉ុណ្ណោះ សម្រាប់បង្រៀនតាមបឋមសិក្សា ក្នុងខេត្តគោលដៅចំនួន៥ មានខេត្ត បាត់ដំបង, ព្រៃវែង, ត្បូងឃ្មុំ, តាកែវ និងខេត្តកំពង់ចាម ។
ចែករំលែកព័តមាននេះ